ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំលំហាច បានទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល

រសៀលថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានដឹកនាំប្រតិភូសាខាកាកបាទក្រហមខេត្ត រួមដំណើរដោយលោក នឹម នីរ៉ាដេត ប្រធានអនុសាខាកាកបាទក្រហមស្រុកអង្គស្នួល បានចុះសួរសុក្ខទុក្ខ និងនាំយកអំណោយមនុស្សទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រៃចំការ ឃុំលំហាច ស្រុកអង្គស្នួល ដែលរងគ្រោះដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់​និងរលំផ្ទះចំនួន១០គ្រួសារ។          ក្នុងឱកាសនោះឯកឧត្តម គង់ សោភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានមានប្រសាសន៍ថាការបង្កើតកាកបាទក្រហមកម្ពុជាដែលដឹកនាំដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺពិតជាមានសារៈសំខាន់ណាស់ក្នុងវិស័យមនុស្សធម៌ សំរាប់ឆ្លើយតបនិងសង្គ្រោះបន្ទាន់ដល់គ្រប់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្យេងៗដូចជា ជួយដល់ប្រជាពលរដ្ឋមានការខ្វះខាត ក្នុងគ្រាមានអាសន្ន ដោយផលវិបាកនៃគ្រោះមហន្តរាយ អ្នកផ្ទុកមេរោគអេដស៍ ជនពិការ កុមារកំព្រា ចាស់ជរាគ្មានទីពឹងជាដើម ដែលជាក់ស្តែងនៅរសៀល ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីទទួលបានព័ត៌មានភ្លៀម សាខាកាកបាទក្រហមខេត្តកណ្តាលបាននាំយកអំណោយមកចែកជូនដល់គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីថ្ងៃទី១៩កន្លងទៅនេះ។

        ឯកឧត្តម បានបន្តថា កាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅដល់បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការលំបាក ទីនោះមានកាកក្រហមកម្ពុជា។

    ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានលើកទឹកចិត្តដល់គ្រួសារងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គីភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀតដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួនដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើរឡើងវិញ។ ដោយឡែកឯកឧត្តមក៍បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបងប្អូនមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវ ដោយរួមគ្នាគោរពច្បាប់ចរាចរណ៍ ផ្លូវគោក ពាក់មួកសុវត្ថិភាព ឱ្យបានត្រឹមត្រូវ កុំបើកបរ ហួសល្បឿនកំណត់ កុំបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងសូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឱ្យមានអំពើហិង្សា និងមហន្តរាយផ្សេងៗដល់ក្រុមគ្រួសារ និងសង្គមជាតិ។

សូមជំរាបផងដែរថាអំណោយដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទាំង១០គ្រួសារនោះ មាន៥គ្រួសារទទួលរងគ្រោះធ្ងន់ធ្ងរ រលំផ្ទះទាំងស្រុងទទួលបានអំណោយក្នុង១គ្រួសារមាន៖អង្ករ៣០kg មី១កេស ទឹកសុទ្ធ១កេស ទឹកត្រី១យូ ទឹកស៊ីអ៊ីវ១យូ ត្រីខ១យូ សម្ភារះផ្ទះបាយ១ឈុត និងថវិកាចំនួន៤០ម៉ឺនរៀល ដោយឡែក៥គ្រួសារដែលរងគ្រោះស្រាលរបើកដំបូល ក្នុង១គ្រួសារទទួលបានថវិកាចំនួន១០ម៉ឺនរៀលផងដែរ។