ស្ពានបេតុង និងផ្លូវបេតុង នៅស្រុកពញាឮ ត្រូវបានអភិបាលខេត្តកណ្ដាលបើកការដ្ឋានសាងសង់

ស្ពានបេតុង និងផ្លូវបេតុង១ខ្សែ  គឺជាសមិទ្ធិផលថ្មីបន្ថែមទៀតសម្រាប់ ភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ដែលបានជួយលើកកម្ពស់កម្រិតជីវភាព ធានាបាននូវសុខ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍ទៅមក ការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ  សមិទ្ធិផលទាំង២នេះ ត្រូវបានឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបើកការដ្ឋានសាងសង់ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ថ្មីៗនេះ។

      លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ បានឲ្យដឹងថា សមិទ្ធិផលថ្មីចំនួន២ ដែលបាននិងកំពុងរៀបចំពិធីបើកការដ្ឋានដំណើរគ្នាក្នុងពេលតែមួយនាពេលនេះ សមិទ្ធផលទីមួយគឺគម្រោងសាងសង់ស្ពានបេតុងប្រវែង ៣០ ម៉ែត្រទទឹង ១០ ម៉ែត្រ ដែលឆ្លងកាត់ព្រែកកោះចិន ដោយភ្ជាប់ពីភូមិកោះចិនទៅកាន់ភូមិព្រែកក្តាម១ ដោយចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួន ១៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាថវិការបស់លោកឧកញ៉ា លី ណុប ម្ចាស់មជ្ឈមណ្ឌលសិប្បកម្មកោះចិន ដោយចំណាយពេលវេលាសាងសង់ចំនួន៥ខែ គឺគិតចាប់ពីពេលនេះរហូតដល់ខែតុលាឆ្នាំ ២០១៩។

      លោកបានឲ្យដឹងទៀតថាសម្រាប់សមិទ្ធិផលទី២ គឺជាការសង់សង់ផ្លូវបេតុងប្រវែង ១ពាន់ ម៉ែត្រ ទទឹង ៥ម៉ែត្រដែលជាអំណោយរបស់ឯកឧត្តមអភិបាលខេត្តកណ្ដាល ហើយផ្លូវនេះគឺតភ្ជាប់ពីផ្លូវបេតុងមូលនិធិឃុំឆ្នាំ ២០១៨ ទៅដល់ភូមិសរសី ឃុំកោះចិន។

       ថ្លែងទៅកាន់ ប្រជាពលរដ្ឋចូលរួមជាង ៥០០នាក់ក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលបានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។

        ឯកឧត្តមអភិបាល បានបន្ថែមថា សមិទ្ធផលថ្មីដែលបានបានបើកការដ្ឋាននេះ គឺជាការចូលរួមសហការណ៍យ៉ាងខ្លាំងក្លា ពីវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ច  ជាពិសេសចូលរួមអនុវត្តន៍គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាខ្វះនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

        ឆ្លៀតក្នុងងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត  បានប្រកាសថានៅឆ្នាំក្រោយនេះ ឯកឧត្តម នឹងផ្តល់ផ្លូវបេតុង និងស្ពានបេតុងមួយខ្សែទៀតជូនដល់ឃុំកោះចិន ដើម្បីឆ្លើយតបនឹងសំណូមពរ ក៍ដូចជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋដែលក្នុងការប្រើប្រាស់ផ្លូវ និងស្ពាននេះក្នុងជីវភាពប្រចាំថ្ងៃ។