រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត

រដ្ឋបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំគណៈអភិបាលខេត្ត កិច្ចប្រជុំនេះបានប្រព្រឹត្តទៅតាមរបៀបវារៈសំខាន់ គឺពិនិត្យពិភាក្សារបាយការណ៏ខែ មេសា ឆ្នាំ ២០១៩របស់រដ្ឋបាលខេត្តកណ្តាល របាយការណ៍បច្ចុប្បន្នភាព ស្តីពីការបាក់ច្រាំង ទន្លេព្រែក (ទន្លេបាសាក់ ទន្លេហូវ ព្រែកជ្រៃធំ ព្រែកប៊ិញយី) ការរៀបចំនិមិត្តសញ្ញា (Logo)ខេតកណ្តាល ការបង្កើតក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍ក្រុងតាខ្មៅ ការរៀបចំរូបសំណាកសំពៅមាសរៀបចំប្លង់ទីប្រជុំជនរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ។ ដែលមានគោលបំណងបង្ហាញពីលទ្ធផល សកម្មភាព បញ្ហាប្រឈម និងទិសដៅការងារសំរាប់ខែបន្ទាប់។របាយការណ៏នេះមាន៤ផ្នែកគឺ ១ការគ្រប់គ្រងរដ្ឋបាលខេត្ត ២ការងាររបស់មន្ទីរអង្គភាពជំនាញ ៣ បញ្ហាប្រឈម និងដំណោះស្រាយ ៤ទិសដៅការងារខែបន្ទាប់ ស្របតាមទម្រង់របស់ថ្នាក់ជាតិ។

      ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៏ក្នុងកិច្ចប្រជុំថា ដើម្បីធ្វើអោយការងារទទួលបានជោគជ័យ រដ្ឋបាលខេត្តត្រូវពឹងផ្អែកទាំងស្រុង លើកិច្ចសហការយ៉ាងស្អិតរមួតរវាងមន្ទីរអង្គភាពជុំវិញខេត្ត។ដូច្នេះស្ថាប័នមន្ទីរទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួនធ្វើយ៉ាងណាអោយកិច្ចការរបស់យើងទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបានបន្តថា ទិសដៅសម្រាប់ខែបន្ទាប់ ជាសកម្មភាពគ្រោងលម្អិតរបស់ក្រុមប្រឹក្សាខេត្ត គណះអភិបាលខេត្ត ទីចាត់ការរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីត្រៀមរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក អណត្តិទី៣ បន្តរៀបចំអោយមានឡដុតសំរាម នៅតាមភូមិ ផ្សារ សាលារៀន រមនីយដ្ឋាន និងមន្ទីរពេទ្យ ត្រៀមការពារសន្តិសុខពិធីបុណ្យពិសាខបូជា និងចម្រើនព្រះជន្មព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

     ឯកឧត្តមបានស្នើដល់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ចូលរួមពិនិត្យ ពិភាក្សា និងផ្តល់យោបល់បន្ថែម លើរបាយការណ៍ប្រចាំខែ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកណ្តាល សម្រាប់ខែ មេសា អោយកាន់តែមានប្រសិទ្ធភាពល្អប្រសើរឡើង៕