សិក្ខាសាលាស្ដីពី ការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ

សាខាពន្ធដារខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលខេត្ត និង អគ្គនាយកដ្ឋានពន្ធដារ  បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ ពន្ធលើអចលនទ្រព្យ ត្រៀមអនុវត្តប្រកាស ស្ដីពីការកំណត់មូលដ្ឋាន គិតពន្ធប្រថាប់ត្រា ចំពោះការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ នៅរដ្ឋបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ភិរុណ  អភិបាលខេត្តកណ្តាល និងឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ។

       ថ្លៃងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ការប្រមូលពន្ធគឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់យកថវិកា មកអភិវឌ្ឍលើគ្រប់វិស័យក្នុងខេត្ត ។

       ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថានៅពេលខាងមុខនេះខេត្តនឹងធ្វើការផ្ទេរថវិកាមួយចំនួនឲ្យទៅថ្នាក់ស្រុក ឃុំ ដើម្បីធ្វើការអភិវឌ្ឍ នៅមូលដ្ឋានផ្ទាល់ ដូច្នេះមន្ត្រីពន្ធដារត្រូវខិតខំប្រមូលពន្ធដើម្បីបង្កើនការអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចម្រើនថែមទៀត។          

       ដើម្បីអោយដំណើរការនៃការបង់ពន្ធក្នុងខេត្តប្រព្រឹត្តទៅបានត្រឹមត្រូវ ឯកឧត្តមអភិបាលខេត្តបានស្នើឲ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ស្ដាប់បទបង្ហាញក្នុងអង្គសិក្ខាសាលាដើម្បីបានជាចំណេះដឹងអាចយកទៅអនុវត្តនៅមូលដ្ឋានប្រកបដោយភាពត្រឹមត្រូវ ហើយត្រូវយកទៅផ្សព្វផ្សាយបន្តបានទូលំទូលាយ និងអាចពន្យល់ប្រជាជនបានជ្រាបអំពីបញ្ហាបងពន្ធនេះ នៅពេលពួកគាត់មានចំងល ពិសេសនៅក្នុងកិច្ចប្រជុំ និងតាមវេទិកានានាបានផងដែរ។

      នាឱកាសនោះដែរ ឯកឧត្តម ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចធ្វើបច្ចុប្បន្នភាពឡើងវិញ នូវឧបសម្ព័ន្ធ ស្តីពីការបែងចែក ភូមិសាស្ត្រ និងតម្លៃអចលនទ្រព្យ សម្រាប់មូលដ្ឋានគិតពន្ធប្រថាប់ត្រា ដែលបានកំពុងអនុវត្តជិត ១០ឆ្នាំមកនេះ ដើមី្បឲ្យស្របតាមការ រីកចម្រើនខាងវិស័យអចលនទ្រព្យ នៅកម្ពុជា នាពេលបច្ចុប្បន្ន។

ក្នុងឱកាសនោះដែរឯកឧត្តម  បានស្នើដល់មន្ទីរជំនាញ ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវណែនាំដល់អ្នកបែងចែកដីពុះឡូត៍លក់ និងម្ចាស់បុរីនានាត្រូវមកបង់ពន្ធអោយមកបានត្រឹមត្រូវមុននឹងដាក់លក់ឲ្យអតិថិជន អាជ្ញាធរត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីប្រកាសលេខ ៣៤៣ ស្តីពីការកំណត់មូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ  និងប្រកាសលេខ ៥០៧ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ មន្ត្រីពន្ធដារត្រូវខិតខំប្រមូលពន្ធលើអចលនទ្រព្យដើម្បីធ្វើបច្ចុប្បន្នភាពនិងប្រមូលទិន្នន័យឡើងវិញ ពិសេស ត្រូវលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានបំពេញកាតព្វ កិច្ចបង់ពន្ធបានទាន់ពេលវេលា។   មន្ត្រីពន្ធដារទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ ក្នុងពេលផ្តល់សេវាឲ្យកាន់តែល្អជូនប្រជាពលរដ្ឋ  គឺធ្វើឲ្យបាន ធ្វើឲ្យលឿន និងមានតម្លាភាព។

     គួបញ្ជាក់ដែរថា  តាមរបាយការណ៍របស់ លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្តាល នៅឆ្នាំ២០១៨ សាខាពន្ធដារខេត្តការប្រមូលចំណូលពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ រឺសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន ៤៦ពាន់លានរៀល (ប្រមាណ ១២លានដុល្លា) លើអចលនទ្រព្យចំនួន ៣៦ ពាន់មូលដ្ឋាន ស្មើនឹង ២៩៤.៤៣%នៃផែនការ។ លោកបានឲ្យដឹងទៀតថា សម្រាប់រយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ការប្រមូលពន្ធនេះបានចំនួន ១៧ពាន់លានរៀល (ប្រមាណ ៤លានដុល្លា) លើអចលនទ្រព្យចំនួន ១៦ពាន់មូលដ្ឋាន ស្មើនឹង ៥៥%នៃផែនការ។