ពិធីបើកការដ្ឋានសាងសង់អគាររដ្ឋបាលស្រុក អគារសាលប្រជុំសាលាស្រុក អគារច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមជំរុញបែបនេះក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគាររដ្ឋបាលស្រុក អគារសាលប្រជុំសាលាស្រុក និងអគារច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកកណ្តាលស្ទឹង នារសៀលថ្ងៃទី០៧​ ខែឧសភា ឆ្នាំ២០១៩នៅសាលាស្រុកកណ្តាលស្ទឹង។

ឯកឧត្តមអភិបាលខេត្តបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេងជូនដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងបានល្អ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។        

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់    រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។

លោក បូ ណារ៉េត អភិបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា  អគាររដ្ឋបាលស្រុកដែលត្រូវសាងសង់នាពលនេះមានបណ្តោយ២៨ម៉ែត្រ ទទឹង១៣ម៉ែត្រ កម្ពស់២ជាន់ អគារសាលប្រជុំមានបណ្តោយ២០ម៉ែត្រ ទទឹង១៧ម៉ែត្រ ជាអំណោយរបស់គម្រោងសាងសង់អគាររដ្ឋបាលស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ ក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ឆ្នាំ២០១៦-២០១៩ និងគារច្រកចេញចូលតែមួយដែលជាអំណោយរបស់ឯកឧត្តម អភិបាលខេត្តកណ្តាល។

ក្នុងឯកាសនោះដែរឯកឧត្តមអភិបាលខេត្តបានប្រកាសផ្តល់អគារសាលាឃុំចំនួន៧ដល់ស្រុកកណ្តាលស្ទឹងនៅក្នុងឆ្នាំ២០១៩នេះ និងបានឧបត្ថម្ភដល់មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋជិត៥០០នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀលផងដែរ។