ប្រជាពលរដ្ឋស្រុកល្វាឯម ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតពីរដ្ឋបាលខេត្តកណ្តាល

សមិទ្ធផលថ្មីៗបន្ថែមទៀត មានដូចជា អគាររដ្ឋបាលសាលាស្រុក អគារសាលប្រជុំសាលាស្រុក អគាររដ្ឋបាលឃុំ និងផ្លូវបេតុង ត្រូវបានឯកឧត្ដម  ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ នៅសាលាស្រុកល្វាឯម ដោយមានការអញ្ជើញចូលរួមឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត អាជ្ញាធរស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋជិត១០០០នាក់។

           ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា សម្ដេចបានខិតខំកសាងប្រទេសពីលេខសូន្យ ពីសង្គ្រាមបាក់បែក មកអភិវឌ្ឍដល់សព្វថ្ងៃនេះ ហើយធ្វើឲ្យប្រទេសយើងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នឹងសង្ឃឹមថានៅឆ្នាំ ២០៣០ យើងនឹងក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៥០។

      ឯកឧត្តមអភិបាលខេត្តបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេងជូនដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងបានល្អ ឆ្លើយតបទៅនឹងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។         

ឯកឧត្តម​បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។

លោក ភឹម  ភារ៉ា អភិបាលស្រុកល្វាឯម  បានឲ្យដឹងថា   អគាររដ្ឋបាលសាលាស្រុកដែលត្រូវសាងសង់នាពលនេះមានបណ្តោយ២៨ម៉ែត្រ ទទឹង១៣ម៉ែត្រ អគារសាលប្រជុំមានបណ្តោយ២០ម៉ែត្រ ទទឹង១៧ម៉ែត្រ ជាអំណោយរបស់គម្រោងសាងសង់អគាររដ្ឋបាលស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ ក្រោមក្របខណ្ឌមូលនិធិទ្រទ្រង់ថវិកាឆ្នាំ២០១៦-២០១៩ និងអគារសាលាឃុំកោះរះ ឃុំបឹងគ្រំ ឃុំកោះកែវ ឃុំសំបួរ មានបណ្តោយ១៤,៤ម៉ែត្រ ទទឹង១០ម៉ែត្រ។

ក្នុងឯកាសនោះដែរឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ អ្នកសាងសង់ ត្រូវសាងសង់តាមស្តង់ដារនិងបច្ចេកទេសអោយបានត្រឹមត្រូវ។