ខេត្តកណ្តាលប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ០៥មិថុនា

  «ការបំពុលខ្សល់»គឺជាប្រធានបទដែលបានកំណត់យកមកប្រើក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានអន្តរជាតិ ០៥មិថុនា មានអត្ថន័យបញ្ជាក់ថា ទាំងក្នុងប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍ។ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រោមប្រធាមបទ«ការបំពុលខ្សល់» ពិធីនេះប្រារព្វធ្វើនៅឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

 

ឯកឧត្តម តាំង ម៉េងលាន បានមានប្រសាន៍ថា បញ្ហាបំពុលខ្យល់ បាននឹងកំពុងមានការកើនឡើង ដោយសារតែការបញ្ចេញផ្សែង និងស្ពាន់ធ័រឌីអុកស៊ីតខ្ពស់ ដែលបណ្តាលមកពីចំហេះប្រេងឥន្ធនៈ មានសារធាតុស្ពាន់ធ័រ ដូចជាធ្យូងថ្មដែលប្រើប្រាស់ក្នុងរោងចក្រ និងលំនៅដ្ឋាន។ ឯកឧត្តមបានបញ្ជាក់ថា បញ្ហាបរិស្ថាន ជាបញ្ហារួមរបស់ពិភពលោក ប៉ុន្តែសម្រាប់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ យើងក៏បានជួបប្រទះ បញ្ហាបរិស្ថានមួយចំនួនផងដែរ ដូចជាកសិកម្មទំនើប ដីខ្សោះជីជាតិ ការហូរច្រោះដី ការបំផ្លិចបំផ្លាញព្រៃឈើ ព្រៃលិចទឹក ការនេសាទហួសដែនកំណត់ ការបំផ្លិចបំផ្លាញសត្វព្រៃ ការបំពុលទឹក ដី ខ្យល់ និងសំលេង បញ្ហាបរិស្ថានទីក្រុង ទីប្រជុំជន បញ្ហាអាជីវកម្មរ៉ែ ផែនដីឡើងកម្តៅ និងគ្រោះធម្មជាតិនានា។  ទាំងអស់នេះបានកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយខេត្តកណ្ដាល ក៏បានជួបបញ្ហាទាំងអស់នេះខ្លះៗដែរ ជាមូលហេតុមួយ ធ្វើឲ្យយើងមានការព្រួយបារម្មណ៍ចំពោះគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ អាកាសធាតុប្រែប្រួល កម្តៅកើនឡើង រាំងស្ងួត ខ្យល់ព្យុះ រន្ទះបាញ់ ភ្លៀងធ្លាក់មិនប្រក្រតី ធនធានសត្វព្រៃ និងមច្ឆជាតិមានការថយចុះ ប្រភេទមួយចំនួនស្ទើរតែបាត់បង់ពូជជាបណ្ដើរៗផងដែរ ។ ទន្ទឹមនឹងនេះ កម្ពុជាយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការអភិវឌ្ឍប្រទេសជាតិ ដូច្នេះហើយអ្វីៗគ្រប់បែបយ៉ាងក៏កំពុងតែផលិត និងនាំចូលមកក្នុងប្រទេសយើងដើម្បីបម្រើដល់ផ្នែកផ្សេងៗ ដូចជាផ្នែកឧស្សាហកម្ម សិប្បកម្ម កសិកម្ម សេវាកម្ម អាជីវកម្ម និងដឹកជញ្ជូន ។

ឯកឧត្តមបានជំរុញអោយគ្រប់ផ្នែក ប្រជាពលរដ្ឋគ្រប់លំនៅឋាន សាលារៀន អង្គភាព មន្ទីពេទ្យ ទីប្រជុំជន ទីផ្សារ ទីសាធារណៈ រួមគ្នាដាំដើមឈើ ឈើហូបផ្លែ និងធ្វើអនាម័យសម្អាតកាកសំណល់តាមមុខសញ្ញារៀងៗខ្លួន ដោយធ្វើការសម្អាត ប្រមូលដឹកជញ្ជូន និងទុកដាក់អោយបានត្រឹមត្រូវ តាមទីកន្លែងទុកដាក់សំរាម សំណល់រឹង ធ្វើការញែក បែងចែកទៅតាមផ្នែក មានប្រភេទសំរាមសរីរាង្គ សំណល់អេតចាយ និងសំណល់គ្រោះថ្នាក់  ត្រូវមានធុងសំរាម ឬវេចខ្ចប់ទុកដាក់ឲ្យបានត្រឹមត្រូវ    អនុវត្តគោលការណ៍ កាត់បន្ថយការបង្កើតសំណល់  ការប្រើប្រាស់ឡើងវិញ និងការកែច្នៃសំណល់។  ជៀសវាងការយកសំរាម ទៅចាក់ចោលតាមដងផ្លូវលំ ផ្លូវជាតិ ទីវាលស្រែចម្ការ វាលព្រៃលិចទឹក ប្រភពទឹក ទន្លេ ស្ទឹង ព្រែក ដែលបង្កនូវភាពកខ្វក់ ប៉ះពាល់សុខភាពនិងខូចគុណភាពបរិស្ថាន។

 លោក អ៊ំ ផាត ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបានអោយដឹងថា ការប្រារព្ធទិវានេះក្នុងគោលបំណងកែប្រែផ្នត់គំនិត និងឥរិយាបទរបស់ប្រជាពលរដ្ឋ​​ អោយចេះស្រលាញ់បរិស្ថាន មានស្មារតីចូលរួម ក្នុងកិច្ចគាំពាបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ក្នុងឱកាសនោះដែរមន្ទីរបរិស្ថានក៏បានចែកកូនឈើចំនួន ២៥៥ដើមមានប្រភេទឈើ៖គគីរ លឿងរាជ គីនីន ស្តៅ អំពិល ដើមឆ័ត្រ និងអាកាស្យា ជូនសាលាឃុំ សាលរៀន និងប្រជាពលរដ្ឋ នឹងបានដាំដើមឈើតាមប្រឡាយ ទីធ្លាសាលាឃុំ សាលារៀន ផងដែរ ៕