ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ

ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ នឹងទទួលបាននូវការផ្ដល់សេវាប្រកប​ដោយ​ប្រសិទ្ធភាព ឆាប់រហ័ស និងចំណាយតិច តាមរយៈការដាក់អោយប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ។ នេះជាការលើករបស់ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ  និងការិយាល័យប្រជាពលរដ្ឋនៅស្រុកកៀនស្វាយ នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីរាជការជាង១០០០នាក់។

ឯកឧត្តមអភិបាលខេត្តបានឲ្យដឹងថាសម្រាប់ឆ្នាំ២០១៩នេះ ខេត្តកណ្ដាលមានស្រុកចំនួន០៤ ទៀតដែលត្រូវដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ គឺមានស្រុកកោះធំ ស្រុកមុខកំពូល ស្រុកពញាឮ និងស្រុកកណ្ដាលស្ទឹង សម្រាប់បម្រើសេវាកម្មជូនប្រជាពលរដ្ឋ។        

ឯកឧត្តមបានបន្ថែមថា ដោយឡែកសម្រាប់ស្រុកដែលមិនទាន់មាន ការិយាល័យប្រជាពលរដ្ឋ និងការិយាល័យច្រកចេញតែមួយ រដ្ឋបាលខេត្តនិងខិតខំជំរុញឲ្យប្រើប្រាស់នូវយន្តការក្នុងការបម្រើសេវាឱ្យមានភាពប្រហាក់ប្រហែល តែមិនពេញលេញដូចការិយាល័យច្រកចេញចូលតែមួយនិងការិយាល័យប្រជាពលរដ្ឋទេ។

ឯកឧត្តមបានបញ្ជាក់ថាការបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនេះឡើង គឺត្រូវមានលក្ខខណ្ឌគ្រប់គ្រាន់ទើបអាចបង្កើតបាន ដែលតម្រូវឲ្យស្រុក-ក្រុង ត្រូវមានហេដ្ឋារចនាសម្ព័ន្ធល្អ មានមន្ត្រីរាជការគ្រប់គ្រាន់ សេដ្ឋកិច្ចរបស់ប្រជាជនខ្ពស់ ពិសេសត្រូវមានថវិកាសម្រាប់ទ្រទ្រង់ឲ្យការិយាល័យអាចដំណើរការទៅបាន។

ឯកឧត្តមអភិបាលបានបញ្ជាក់ទៀតថា គោលបំណងសំខាន់ក្នុងការបង្កើតឲ្យមានការិយាល័យនេះឡើង  គឺដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ធ្វើឲ្យប្រសើរឡើងក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ កែទម្រង់ប្រព័ន្ធរដ្ឋបាល និងពង្រីកវិសាលភាពសេវាកម្មឲ្យដល់មូលដ្ឋានជិតនិងប្រជាពលរដ្ឋ តាមបណ្ដាខេត្ដក្រុងស្រុកនានា។

ដើម្បីឱ្យការិយាល័យនេះអាចដំណើរការទៅបានល្អ និងមានប្រសិទ្ធភាពខ្ពស់ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្ត្រីទាំងអស់ត្រូវផ្លាស់ប្ដូរផ្នត់គំនិត និងឥរិយាបថពីអ្នកត្រួតត្រា ពីចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឲ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ។ ត្រូវខិតខំបង្កើនសមត្ថភាពការងារខ្លួនជានិច្ច ពិសេសត្រូវប្រកាន់ខ្ជាប់នូវអភិក្រមកំណែទម្រង់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែរ ព្យាបាល និងវះកាត់។

លោក អ៊ូ ឈាន អភិបាលស្រុកកៀនស្វាយ បានបញ្ជាក់ថា ការបង្កើតឲ្យមានការិយាល័យច្រកចេញចូលតែមួយនេះ គឺដើម្បីឲ្យការផ្ដល់សេវាសាធារណៈកាន់តែមានប្រសិទ្ធភាព តម្លាភាព និងភាពជឿជាក់បាន ដោយបែងចែកតម្លៃសេវាទៅតាមប្រភេទផ្សេងៗនៃសេវា ហើយមានបញ្ជាក់ពីរយៈពេល  និងសុពលភាពនៃការផ្តល់សេវា ដូច្នេះពេលប្រជាពលរដ្ឋមកទទួលសេវា គឺពួកគាត់មកធ្វើនៅកន្លែងហ្នឹង ដាក់ពាក្យនៅកន្លែងហ្នឹង បងលុយនៅកន្លែងហ្នឹង ដោយមិនពិបាករត់ទៅកន្លែងណាច្រើនឡើយ។