ខេត្តកណ្តាលមានរោងចក្រសហគ្រាសចំនួន៤៧៦ក្នុងនោះរោងចក្រកាត់ដេរនិងស្បែកជើងចំនួន៦៨

ក្នុងចំណោមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងទាំង៦៨ក្នុង១ខែបានផ្តល់ចំណូលដល់កម្មករប្រមាណជាង៣៦លានដុល្លារអាមេរិកហើយគ្រាន់តែក្រុងតាខ្មៅទទួលបានជាង៧លាន៥សែនដុល្លារ៖

ក្នុងជំនួបជាមួយកម្មករ កម្មការនី នៅក្នុងក្រុងតាខ្មៅ ដើម្បីអបអរខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ កាលពីថ្ងៃទី០៩ មិថុនា ២០១៩កន្លងទៅនេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ដោយសារគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យម៧% ក្នុងរយៈពេលជាង២ទស្សវត្សរ៍ និងបង្កើតការងារធ្វើក្នុងអត្រា៩៩,៣%។ ក្នុងនោះសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធជិត១ម៉ឺន៣ពាន់ ដែលមានកម្មករ និយោគជិកជិត១លាន៥សែននាក់ សហគ្រាសគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៦សែន ដែលមានកម្មករ និយោគជិក ជិត២លាន៤សែននាក់ វិស័យកសិកម្ម ប្រមាណជាង៤លាននាក់ ពលករធ្វើការនៅបរទេសប្រមាណ១លាន២សែននាក់ និងមន្ត្រីសាធារណៈជាង៥សែននាក់។

ឯកឧត្តម បានបន្តថា គ្រាន់តែខេត្តកណ្តាល មានរោងចក្រ សហគ្រាស សរុប៤៧៦ ក្នុងនោះ៦៨ ជារោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងអាចផ្តល់ចំណូលដល់កម្មករ កម្មការនីក្នុង១ខែជាង៣៦លានដុល្លារ ហើយសូម្បីតែក្រុងតាខ្មៅមួយ ក៏ទទួលបានចំណួលជាង៧លាន៥សែនដុល្លារដែរ។ ដែលចំណូលទាំងនេះ មិនត្រឹមតែជួយបង្កើនជីវភាពរបស់បងប្អូនកម្មករ កម្មការនីនោះទេ ថែមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកលូតលាស់ថែមទៀតផងដែរ។

ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល លោក ធុល នាង បានលើ កឡើងថា ក្រៅអំពីខិតខំគៀងគរវិនិយោគទុន ដើម្បីបង្កើតការងារ និងប្រាក់ចំណូល រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង បានយកចិត្តទុកដាក់ នូវសុខទុក្ខ និងជីវភាព បងប្អូនកម្មករ កម្មការនី ជាប្រចាំផងដែរ រហូតមកដល់ពេលនេះ ប្រាក់ខែគោលត្រូវបានតម្លើង១៨២ដុល្លារ ហើយបូកនិងប្រាក់បំណាច់ផ្សេងៗ ក្នុង១ខែតិចបំផុតក៏បាន១៩៩ដុល្លារដែរ។ មិនតែប៉ុណ្ណោះ បានជំរុញឱ្យបណ្តាររោងចក្រ សហគ្រាស មានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារកដ្ឋាន ថែមទៀតផង ហើយបានបង្កើតនូវរបបសន្តិសុខសង្គម ដើម្បីលើកកម្ពស់សុខមាលភាពរបស់កម្មវិយោគជិកផងដែរ៕