ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ នៅក្នុងឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល

ដោយមើលឃើញពីការលំបាកក្នុងធ្វើដំណើរទៅមក ក្នុងការប្រកបមុខរបរផ្សេងៗ របស់ប្រជាពលរដ្ឋ   ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ១៥០០ម៉ែត្រ និងទទឹង ០៦ម៉ែត្រ ស្ថិតនៅក្នុងឃុំតាលន់  ស្រុកស្អាង ខេត្តកណ្តាល។

       ថ្លែងនៅក្នុងពិធីបើកការដ្ឋាន ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានប្រជាពលរដ្ឋចូលរួមជាង ១០០០នាក់ ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានពន្យល់ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមផែនការអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។

        ឯកឧត្តមអភិបាល បានបន្តថា ផ្លូវបេតុងដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ក្នុងការជួយលើកម្ពស់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ជួយសម្រួលនិងដោះស្រាយបញ្ហាខ្វះនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។     

        ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ថានៅឆ្នាំ ២០២០ ខាងមុខនេះ ឯកឧត្តមអភិបាលនឹងផ្ដល់ផ្លូវបេតុងមួយខ្សែប្រវែង ១០០០ម៉ែត្រ ជូនដល់ឃុំប្រាសាទ ស្រុកស្អាង បន្ថែមទៀតដែលជាការឆ្លើយតបទៅនឹងសំណូមពរ និងតំរូវការរបស់ប្រជាពលរដ្ឋដែលបានស្នើរសុំពីរដ្ឋបាលខេត្ត។   

       ឆ្លៀតក្មុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់  សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ជាពិសេស សិស្សថ្នាក់ទី១២ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមខ្លួនប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះឲ្យទទួលបានជោគជ័យ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពព្រោះរដូវនេះគឺជារដូវភ្លៀង។ ឯកឧត្តមក៏បានស្នើដល់អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ត្រូវលុបបំបាត់ឲ្យបាននូវរាល់បញ្ហាអសកម្មនានានៅក្នុងមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងចោរកម្មជាដើម ត្រូវខិតខំ បំរើសេវាជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា មិនត្រូវប្រកាន់បក្សពួកឡើយ។