អំណោយមនុស្សធម៌របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលចែកជូនប្រជាពលរដ្ឋក្រីក្រ 50 គ្រួសារ

នេះជាលើកទី 1 ហើយដែលប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលដឹកនាំដោយឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាលរងខេត្តកណ្ដាលបានធ្វើដំណើរដោយមធ្យោបាយទោចក្រក្រយានទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពនៅភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ដែលមានចំងាយ 73 គីឡូម៉ែត្រពីក្រុងតាខ្មៅ។កាលពីថ្ងៃសម្រាកកន្លងទៅថ្មីៗនេះដោយនាំយកអំណោយនៃក្តីស្រឡាញ់របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាលទៅចែកជូនដល់ប្រជាពលរដ្ឋទាំង 50 គ្រួសារនេះមិនត្រឹមតែបង្ហាញឲ្យឃើញពីស្មារតីឆន្ទៈថាមពល អង់អាចរបស់កម្លាំងស ស យ ក ខេត្តកណ្ដាល ប៉ុណ្ណោះទេតែអ្វីដែលសំខាន់នោះគឺប្រតិភូ ស ស យ ក ទាំងអស់បានស្វែងយល់ពីការការពារនិងការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែនកម្ពុជាវៀតណាមទៀតផង។

         ក្នុងឱកាសជួបសំណេះសំណាលឯកឧត្តមប្រធានសសយកនិងជាអភិបាលរងខេត្តកណ្ដាលបានរំលឹកដល់អាជ្ញាធរឃុំភូមិស្រុកត្រូវចុះកៀកកិតជាប្រចាំជាមួយប្រជាពលរដ្ឋដែលកំពុងរស់នៅតាមខ្សែបន្ទាត់ព្រំដែនដើម្បីស្វែងយល់ពីការលំបាកនិងសំណូមពររបស់ប្រជាពលរដ្ឋមើលឃើញបញ្ហាហើយត្រូវប្រឈមមុខរួមគ្នាដោះស្រាយជៀសវាងឲ្យពួកគាត់មានភាពរងាខ្លាចមិនហ៊ានធ្វើអ្វីដែលជាឆន្ទៈរបស់ពួកគាត់ដោយស្របច្បាប់។

         ឯកឧត្តម គីម រិទ្ធី បានជំរុញដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលកំពុងរស់នៅក្រោមបរិយាកាសប្រទេសជាតិមានសុខសន្តិភាពត្រូវតែរួមចាំបាច់គ្នាអនុវត្តអោយបានល្អនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីការរស់នៅរបស់យើងទាំងអស់គ្នាមានភាពថ្លៃថ្នូរនិងសុភមង្គល។

         ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ ស ស យ ក កម្ពុជាខេត្តទាំងអស់ដែលបានជួយឧបត្ថម្ភសម្ភារៈដល់សសយកខេត្តដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋនាពេលនេះ។

    អំណោយនៃក្តីស្រឡាញ់របស់សសយកគឺក្នុងមួយនាក់ទទួលបានអង្ករ 20 គីឡូមី 1កេស ទឹកស៊ីអ៊ីវ 1 យួរ ទឹកភេសជ្ជៈអាដេ 1 យួរ ទឹកផ្លែឈើjazz1យួរ និងថវិកា2ម៉ឺនរៀល៕