ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែ ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងសាងសង់ស្ពានបេតុង ១កន្លែង ប្រវែង ៧,២ម៉ែត្រ ទទឹង ៦ម៉ែត្រ

ព្រឹកថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០១៩ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកណ្ដាលស្ទឹង បានទទួលសមិទ្ធិផលថ្មីចំនួន ២ បន្ថែមទៀតពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល សមិទ្ធិផលទី១ គឺផ្លូវបេតុង ១ខ្សែ ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិលៀក ឃុំគោកត្រប់ និងសមិទ្ធិផលទី២ គឺ ស្ពាន ១កន្លែង ប្រវែង ៧,២ ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ។

          ថ្លែងក្នុងពិធីបើកការសាងសង់ផ្លូវ និងស្ពាន ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា នៅក្នុងស្រុកកណ្ដាលស្ទឹង នាពេលនេះមានការរីកចំរើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ទៅលើផ្នែកហេដ្ឋានរចនាសម្ព័ន្ធ ដោយមានការយកចិត្តទុកដាក់ពីប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយភូមិ-ឃុំ ក្នុងការអភិវឌ្ឍន៍ផ្លូវ ស្ពាន ថ្នាល់ និងប្រព័ន្ធធារាសាស្រ្ត ។ សព្វថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ពីការលំបាក ព្រមទាំងបញ្ហា នានារបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេស បញ្ហាផ្លូវ ស្ពាន ថ្នាល់ ព្រោះថា ផ្លូវ ស្ពាន ថ្នាល់ ពិតជាសំខាន់យ៉ាងខ្លាំង សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធើ្វដំណើរទៅមក និងប្រកបរបរដឹកជញ្ជូនផលិតផល នានាទៅកាន់ទីផ្សារ ។ ឯកឧត្តមបន្តថា ផ្លូវ និងស្ពាន ដែលបានធើ្វការសាងសង់នាពេលនេះ ពិតជាអាចកាត់បន្ថយ នូវការលំបាកមួយចំនួន ក្នុងការធើ្វដំណើរទៅមករបស់ប្រជាពលរដ្ឋជាច្រើន ព្រោះប្រជាពលរដ្ឋភាគច្រើនប្រកបមុខរបរ ដោយអាស្រ័យទៅលើផ្លូវ ស្ពាន ។

          ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើទៅដល់ក្រុមហ៊ុន ដែលទទួលធើ្វការសាងសង់ ត្រូវគិតពីគុណភាពជាធំ ព្រមទាំងធើ្វការសាងសង់ស្របតាមបច្ចេកទេស ទើបធានាបាន នូវគុណភាព និងការប្រើប្រាស់បានយូរ ស្របជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវចូលរួមថែរក្សា និងការពារឲ្យបានល្អ សម្រាប់បំរើឲ្យផលប្រយោជន៍រួម ។

          សូមបញ្ជាក់ថា ផ្លូវបេតុង ១ខ្សែ ប្រវែង ៨០០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្ពានបេតុង ១កន្លែង ប្រវែង ៧,២ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលត្រូវបានបើកការសាងសង់ នាពេលនេះគឺ ធើ្វការសាងសង់ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ។