ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ចំនួន៤ខ្សែ ស្ថិតនៅក្នុងឃុំគគីរ ឃុំបន្ទាយដែក និងឃុំឈើទាល ស្រុកកៀនស្វាយ

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ជំរុញអោយអាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ឯកឧត្តមជំរុញបែបនេះក្នុងពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង ចំនួន០៤ខ្សែ ប្រវែង៤៤៩៥ម៉ែត្រ ស្ថិតនៅក្នុងឃុំគគីរ បន្ទាយដែក និងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋជាង១ពាន់នាក់។

ឯកឧត្តមអភិបាលខេត្តបន្តថា ថ្នាក់ដឹកនាំ មន្ត្រីរាជការត្រូវរួសរាយរាក់ទាក់បម្រើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយការផ្តល់សេវាត្រូវឲ្យបានលឿន ត្រឹមត្រូវតាមតំលៃដែលបានកំណត់ និងពេញលេងជូនដល់ប្រជាពលរដ្ឋ ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្តល់សេវាសាធារណៈ ឬសេវារដ្ឋបាលជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងបានល្អ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿនវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន ត្រូវទប់ស្កាត់ឲ្យបាននូវរាល់ភាពអសកម្មនៅក្នុងមូលដ្ឋានជាពិសេសគឺ អំពើចោរលួច ចោរឆក់ ចោរប្លន់ ការលេងល្បែងស៊ីសង ការប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមក៏បានសំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់    រួមគ្នាកំចាត់គ្រឿងញៀន និងចាកឆ្ងាយពីគ្រឿងញៀន ព្រោះការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀនត្រូវមានការសហការពីបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។     ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវមានភាពអធ្យាស្រ័យក្នុងការបើកបរ បើកបរដោយប្រុងប្រយ័ត្ន និងគោរពស្លាកសញ្ញាចរាចរណ៍។

លោក អ៊ូ ឈាន អភិបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកណ្តាល បានសម្រេចផ្តល់គម្រោង ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ផ្តល់មករដ្ឋបាលស្រុកកៀនស្វាយរួមមាន អគាររដ្ឋបាលឃុំចំនួន១ខ្នង និងផ្លូវបេតុងចំនួន៧ខ្សែ ប្រវែង៧.៦០១ម៉ែត្រ ដោយឡែកនៅថ្ងៃនេះរដ្ឋបាលខេត្តបានផ្តល់គម្រោងផ្លូវបេតុងចំនួន៤ខ្សែទៀត មានប្រវែង៤.៤៩៥ម៉េត្រ ក្នុងនោះឃុំគគីរ ២ខ្សែ​ ប្រវែង៣.២០០ម៉ែត្រ ឃុំឈើទាល ១ខ្សែប្រវែង ៥០០ម៉ែត្រ និងឃុំបន្ទាយដែក ១ខ្សែ ប្រវែង៧៩៥ម៉ែត្រ។