ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង០១ខ្សែប្រវែង៧៧០ម ទទឹង៦ម នៅភូមិអន្លង់រមៀតខាងលិខ និងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល

ដោយសារតែមើលឃើញផលពិបាកក្នុងការធ្វើដំណើរទៅមក និងក្នុងការប្រកបមុខរបរផ្សេងៗ របស់ប្រជាពលរដ្ឋនូវរដូវវស្សា   ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង៧៧០ម៉ែត្រ ទទឹង៦ម៉ែត្រ នៅភូមិអន្លង់រមៀតខាងលិខ និងភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ថ្លែងនៅក្នុងពិធីបើកការដ្ឋាន ដែលរៀបចំឡើងកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ដោយមានប្រជាពលរដ្ឋចូលរួមជាង ៧០០នាក់ ឯកឧត្តម ម៉ៅ ភិរុណ បានលើកឡើងអំពីសារៈសំខាន់នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យមានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងមានការរីកចំរើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ទៅលើផ្នែកហេដ្ឋានរចនាសម្ព័ន្ធ ដោយមានការយកចិត្តទុកដាក់ពីប្រធានក្រុមការងារថ្នាក់ជាតិនិងបានពន្យល់ឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពជាមួយរាជរដ្ឋាភិបាល ដើម្បីពន្លឿនការអភិវឌ្ឍប្រទេស ឲ្យកាន់តែរីកចម្រើនថែមទៀត ស្របតាមផែនការអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខដ៏ឆ្នើម។

ឯកឧត្តមអភិបាល បានបន្តថា ផ្លូវបេតុង ដែលកំពុងបើកការដ្ឋានសាងសង់នាពេលនេះ គឺជាការសាងសង់ដោយប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តយ៉ាងត្រឹមត្រូវរបស់ថ្នាក់ដឹកនាំ ក្នុងការជួយលើកកម្ពស់សេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ ជួយសម្រួលនិងដោះស្រាយបញ្ហាខ្វះនានាជូនប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។    

ឆ្លៀតក្មុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់ សិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ ជាពិសេស សិស្សថ្នាក់ទី១២ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រៀមខ្លួនប្រលងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះឲ្យទទួលបានជោគជ័យ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពព្រោះរដូវនេះគឺជារដូវភ្លៀង។ ឯកឧត្តមក៏បានស្នើដល់អាជ្ញាធរស្រុក និងកងកម្លាំងមានសមត្ថកិច្ច ត្រូវខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ត្រូវលុបបំបាត់ឲ្យបាននូវរាល់បញ្ហាអសកម្មនានានៅក្នុងមូលដ្ឋាន ដូចជាបញ្ហាគ្រឿងញៀន អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសងខុសច្បាប់ និងចោរកម្មជាដើម ត្រូវខិតខំ បំរើសេវាជូនប្រជាពលរដ្ឋដោយស្មើភាពគ្នា មិនត្រូវប្រកាន់បក្សពួកឡើយ។

សូមពញ្ញាក់ថានេះជាផ្លូវបេតុងទី៦ហើយ ដែលឯកឧត្ដមអភិបាលខេត្តកណ្ដាលបានអញ្ជើញចុះផ្ទាល់ជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋដែលកន្លងមក ឯកឧត្ដមអភិបាលខេត្តកណ្ដាល បានធ្វើផ្លូវបេតុងនៅស្រុកកណ្ដាលស្ទឹងនេះចំនួន០៥ លើករួចមកហើយនាពេលថ្មីៗនេះ ។