សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បើកយុទ្ធនាការដាក់ថ្នាំអាបែត និងចែកថ្នាំអាបែតជូនប្រជាពលរដ្ឋនៅក្រុងតាខ្មៅ

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សហកាជាមួយមន្ទីរសុខាភិបាលខេត្ត បានដឹកនាំយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គចិត្តកាកបាទក្រហម និងអាជ្ញាធរមូលដ្ឋាន បើកយុទ្ធនាការចុះដាក់ថ្នាំអាបែត និងចែកថ្នាំអាបែតជូនប្រជាពលរដ្ឋ នៅសង្កាត់តាខ្មៅ និងសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

លោក ទៀង សុគន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានឱ្យដឹងថា  ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បែងចែកជាចំនួន៩ក្រុម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅតាមភូមិ ដោយឡែកពីគ្នា មានចំនួន៨០នាក់ ហើយគោលបំណងក្នុងយុទ្ធនាការដាក់ថ្នាំអាបែតនេះមាន២ គឺទីមួយ ដាក់ថ្នាំអាបែតនៅតាមអាង ឬពាងទឹក ដើម្បីធ្វើការសម្លាប់ដង្កូវទឹក ដែលជាប្រភពកើតមូសខ្លា  ហើយមុខខ្លានេះក៏ជាប្រភពនាំអោយមានជំងឺគ្រុនឈាម និងទី២ គឺផ្សព្វផ្សាយអប់រំឲ្យប្រជាពលរដ្ឋ បានចូលរួមសកម្មភាពក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺគ្រុនឈាម ដោយត្រូវចេះអនាម័យ សំអាតបរិស្ថាន នៅក្នុងផ្ទះរបស់ខ្លួន និងរៀបចំផ្ទះឱ្យមានពន្លឺត្រឹមត្រូវ។

លោកបន្តថា ជំងឺគ្រុនឈាមក្នុងឆ្នាំ២០១៩ នេះមានភាពខុសពីឆ្នាំមុនៗ ព្រោះថាកា​លមុនជំងឺនេះកើតនៅលើតែកុមារ តែនៅពេលបច្ចុប្បន្ននេះ តាមការផ្ដល់ព័ត៌មានពីក្រសួងសុខាភិបាល គឺកើតនៅលើមនុស្សគ្រប់វ័យ  ដូចនេះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នចំណុះ និងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាតក្រហកម្ពុជា បានចេញគោលការណ៍ណែនាំឲ្យសាខាកាកបាទក្រហមគ្រប់រាជធានី-ខេត្ត ទាំងអស់សហការណ៍គ្នាជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមទប់ស្កាត់កុំឲ្យរីករាលដាលនៃជំងឺគ្រុនឈាម ទៅលើបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

        លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ គ្រប់វ័យទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា  ត្រូវយកចិត្តទុកដាក់លើបញ្ហាការពារទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនេះដោយ ការសំអាតបរិស្ថាននៅក្នុងផ្ទះរបស់ខ្លួន គឺធ្វើយ៉ាងណាកុំឲ្យមានកន្លែងដក់ទឹកបាន មានថ្លុក សំបកកង់ សំបកដូង សំបកកង់ឡាន ត្រូវលុប និងជីកកប់ឲ្យបានស្អាត មិនត្រូវ        បណ្ដោយទុកឱ្យរបស់ដែលដក់ទឹកបាន នាំឲ្យកើតមានដង្កូវទឹក និងមានមូសខ្លា។

        សូមបញ្ជាក់ផងដែរថា មុនចុះចែកថ្នាំអាបែត សាខាកាកបាតក្រហមកម្ពុជាខេត្តកណ្តាលបាន បើកវគ្គបណ្តុបណ្តាលស្តីពី ការដាក់ថ្នាំអាបែត នៅតាមពាង និងអាង ដល់យុវជនកាកបាទក្រហមកម្ពុជា ទាំង៨០នាក់ ដែលមកពីវិទ្យាល័យហ៊ុនសែនសេរីភាព និងវិទ្យាល័យហ៊ុនសែនតាខ្មៅ។