ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ដែលមានលក្ខណៈជាប្រព័ន្ធ នៅស្រុកស្អាង

លោក ទៀង កុស្យារៈ  អនុប្រធានមន្ទីរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល  បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មកពិនិត្យ ផ្ទៀងផ្ទាត់លើទិន្នន័យក្បាលដីដែលក្រុមការងារបានចុះបញ្ជី ឲ្យបានគ្រប់ៗគ្នា ហើយត្រូវធ្វើការប្ដឹងតវ៉ាក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋបានពិនិត្យឃើញថា មានកំហុសផ្សេងៗ ដូចជាខុសអក្ខរាវិរុទ្ធធ ខុសឈ្មោះ លើសឬ បាត់ទំហំដីជាដើម មកក្រុមការងារដើម្បីធ្វើការកែសម្រួលឲ្យបានត្រឹមត្រូវឡើងវិញ  សំរួលដល់ក្រុមការងារចេញប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋបានលឿន និងមានភាពត្រឹមត្រូវ។

      ការអំពាវនាវនេះធ្វើឡើង   ក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ  ដែលមានលក្ខណៈជាប្រព័ន្ធ ដែលបានធ្វើឡើងនៅក្នុងបរិវេនវត្តព្រែករាំង ឃុំទឹកវិល ស្រុកស្អាង   កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានប្រជាពលរដ្ឋចូលរួមជាង ២០០នាក់។

      លោកបានឲ្យដឹងថាការចេញប័ណ្ណកម្មសិទ្ធិដីធ្លី រឺប្លង់រឹងជូនបងប្អូនប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់បំផុត ព្រោះវាបានផ្តល់ភាពច្បាស់លាស់ដល់ម្ចាស់អចលនទ្រព្យ ហើយនេះក៏ជាវិធីមួយដើម្បីការពារជម្លោះ ដូចជាជម្លោះព្រំដីរវាងម្ចាស់អចលនទ្រព្យម្នាក់ៗនាពេលអនាគតផងដែរ។ លោកបានបន្ថែមថា លើសពីនេះទៀតប្លង់រឹងគឺជាប័ណ្ណកម្មសិទ្ធិដែរស្របច្បាប់១០០% ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិកានកាប់ដីធ្លីស្របច្បាប់ហើយមានន័យថាបងប្អូនជាម្ចាស់លើអចលនវត្ថុរបស់ខ្លួនបានពេញលេញ១០០% រឹងមាំលើផ្លូវច្បាប់ ជាពិសេសបងប្អូនអាចលក់ដូរដីដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវទៅឱ្យអ្នកដទៃបានងាយស្រួល និងអាចដាក់បញ្ចាំឬធ្វើអាជីវកម្មនានាលើដីទាំងនោះបានផងដែរ ។

     លោកបានឲ្យដឹងទៀតថា សំរាប់ការប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដែលមានលក្ខណៈជាប្រព័ន្ធនេះមានភូមិចំនួន ៣ គឺភូមិព្រែករាំង ភូមិព្រែករាំងក និងឃុំទួលខ្មួញ ដែលមានក្បាលដីសរុបចំនួន ១៩៧៦ ក្បាលដី ដែលមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាលចេញប័ណ្ណកម្មសិទ្ធិជូននាពេលឆាប់ៗខាងមុខនេះផងដែរបន្ទាប់ពីបញ្ចប់ការប្រកាសបិទផ្សាយរួច។

     លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានជំរុញដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និង ប្រជាពលរដ្ឋទាំងអស់ដែលជាអ្នកកាន់កាប់ដីនៅក្នុងតំបន់វិនិច្ឆ័យ មេត្តាបង្កភាពងាយស្រួល និងសហការល្អដើម្បីជំរុញឲ្យការងារនេះប្រព្រឹត្តទៅដោយជោគជ័យជាស្ថាពរតាមនីតិវិធីច្បាប់ដើម្បីកាត់បន្ថយបញ្ហាទំនាស់ដីធ្លី និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើឡើង។ លោកអភិបាលស្រុកក៍បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវជួយផ្សព្វផ្សាយបន្ត នាំគ្នាមកពិនិត្យទិន្ន័យក្បាលដីរបស់ខ្លួន ឲ្យបាន ច្បាស់លាស់  ដើម្បីឲ្យមន្ត្រីជំនាញពិនិត្យ និងកែសម្រួលឡើងវិញ ព្រោះមានរយៈពេលកំណត់តែ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី១៤ ខែសីហាតែប៉ុណ្ណោះបើលើសការកំណត់គឺមិនអាចតវ៉ាបានឡើយ៕