ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥៣២៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិលេខ១ក ភូមិលេខ៣ និងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល

ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង៥៣២៥ម៉ែត្រ ទទឹង៥ម៉ែត្រ  ស្ថិតនៅភូមិលេខ១ក  ភូមិលេខ៣ និងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៩ ។

         មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថានេះជាចំណងដៃថ្មី ជូនប្រជាពលរដ្ឋ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលទើបប្រែពីឃុំ ឡើងជាសង្កាត់ អោយមានការអភិវឌ្ឍឈានឡើង ហើយនិងផ្តល់សារះសំខាន់ជាទីបំផុត បំរើអោយផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើអោយបងប្អូនប្រជាជនមានទឹកចិត្តសប្បាយរីករាយ ហើយមានការជឿងជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

         ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទទួលការម៉ៅការសាងសង់ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព។      

           ឯកឧត្តម បានបន្តថា នេះជាគម្រោង ថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០១៩ ហើយគម្រោងសាងសង់ផ្លូវមួយចំនួនទៀតនៅក្នុងក្រុងតាខ្មៅយើងនេះដែរ នឹងស្វែងរកថវិកាគ្រប់មធ្យោបាយទាំងអស់ ដើម្បីយកមកសាងសង់ជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណាឲ្យក្រុងតាខ្មៅយើងបានល្អស្អាតសាកសមជាទីក្រុងទេសចរណ៏។  

         ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមជុំវិញផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរផង ដើម្បីជាប្រយោជន៍រួម ហើយក៏ដូចជាការធ្វើដំណើរចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ ។ 

         ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិខាងលើទៅដាក់ពាក្យស្នើសុំតបណ្តាញទឹកស្អាតអោយបានគ្រប់ៗខ្នងផ្ទះ និងអោយខាងមន្ទីររ៉ែ និងថាមពលចុះពិនិត្យ និងតបណ្តាញអគ្គីសនីដល់ភូមិលេខ១ក  ភូមិលេខ៣ និងភូមិលេខ៥ ផងដែរ។