ពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ទូទាំងស្រុកពញាឮ

ឯកឧត្ដម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បន្តផ្ដល់ម៉ូតូចំនួន១គ្រឿង ដល់សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅស្រុកពញាឮ ដែលប្រឡងជាប់និទ្ទេសA និងឧបត្ថម្ភថវិកាទៅតាមនិទ្ទេសនីមួយៗ នេះជាការលើកឡើងរបស់លោកជំទាវ​ វ៉ាន់​ ចាន់ថូ​ អនុ​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈ​ចលនា​យុវជន​ក្នុង​ប្រព័ន្ធ​ ដំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្ដម​ លឹម​ គានហោ​ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពញាឮ​ និង​ជា​ប្រធាន​ក្រុម​ការងារ​ថ្នាក់​កណ្ដាល​ប្រចាំ​មូលដ្ឋាន​ស្រុក​ពញាឮ​ ក្នុឱកាសលោកជំទាវអញ្ជើញ សំណេះសំណាល​ជាមួយ​សិស្សានុសិស្សប្រលង​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំសិក្សា២០១៨-២០១៩​ ទូទាំង​ស្រុក​ពញាឮ​ កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩។

លោកជំទាវបន្តថា ក្រុមការងារថ្នាក់ជាតិដែលមានឯកឧត្តម លឹម គានហោ ជាប្រធាន គឺលោកបានយកចិត្តទុកដាក់ទៅលើការអបរំរបស់សិស្សានុសិស្ស​ នៅក្រុងស្រុកពញាឮ និងតែងតែទំនុកបំរុងទាំងសំភារៈ ថវិកា និងស្មារតី ទៅដល់សិស្សនុស្ស ក៏ដូចជាវិស័យអបរំទូទាំងស្រុកពញាឮផងដែរ។ ចំពោះសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រូវប្រលង​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃខាងមុខ ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ពញាឮ បានរៀបចំឱ្យមានវគ្គបំប៉នទៅដល់សិស្សនុសិស្ស ទាំងអស់ក្នុងស្រុកពញាឮ ដោយវគ្គបំប៉ននោះមានចំនួន១០សប្តាហ៏។

  លោកជំទាវអនុ​រដ្ឋលេខាធិការ បានផ្តាំផ្ញើ ដល់សិស្សានុសិស្សដែលត្រូវត្រៀមធ្វើការ​ប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិទាំងអស់​ ត្រូវខិតខំប្រឹងប្រែង​សិក្សាបន្ថែមទៀត និងយកចិត្តទុកដាក់មើលមេរៀន ដោយនៅសល់ពេលប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ថ្ងៃប្រលង ដូចនេះប្អូនៗត្រូវចែកពេលវេលាឲ្យបានច្បាស់លាស់ក្នុងការទន្ទេញមេរៀន ជាពិសេសត្រូវថែរក្សាសុខភាពអោយបានល្អមុនពេលប្រលង​ ក៏ដូចអំឡុងពេលប្រលង។

លោកជំទាវបន្ថែមថា នៅក្នុងការលងឆ្នាំនេះ មានការតាំងរឹងជាងឆ្នាំមុនៗ បើទោះបីមិនមានអង្គភាពប្រឆាំងអំពើពុករលួយចូលរួមក៏ដោយ ដូចនេះសូមប្អូនៗមិនត្រូវមានការភិតភ័យនោះទេ ព្រោះគ្រប់វិញ្ញាសាប្រលងទាំងអស់មិនដែលចេញផុតពីអ្វីដែលប្អូនធ្លាប់បានរៀននោះទេ ហើយត្រូវចៀសវាងឲ្យបាននូវកំហុសឆ្គងដែលត្រូវបានគេបញ្ឈប់នៅក្នុងពេលប្រលង។

ឯកឧត្ដម​ លឹម​ គានហោ​ មានសង្ឃឹមយ៉ាងមុតមាំថា ប្អូនៗទាំងអស់នៅក្នុងស្រុកពញាឮ នឹងទទួលបានជោគជ័យក្នុងការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ ក្នុងឱកាសនោះដែរលោកជំទាវបាននាំយកថវិការបស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ឧបត្ថម្ភជាសោហ៊ុយធ្វើដំណើរ និងការស្នាក់នៅ ដល់សិស្សានុសិស្ស ក្នុងម្នាក់ថវិកាចំនួន៨៥០០០រៀល ឧបត្ថម្ភវិទ្យាលយ័ទាំង៥ក្នុងស្រុកពញាឮ ក្នុងវិទ្យាលយ័និមួយៗទទួលបានថវិការ៤០០០០០៛ និងការិយាលយ័អប់រំស្រុកថវិការ៥០០០០០៛ផងដែរ។

សូមបញ្ជាក់ផងដែរថាការប្រលង​សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ​ឆ្នាំសិក្សា២០១៨-២០១៩ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ហើយទូទាំងស្រុកពញាឮមានវិទ្យាល័យចំនួយ៥ និងមានសិស្សប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៨-២០១៩ ចំនួន៥៤៨នាក់ ស្រី២៩០នាក់ សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ ទូទាំងស្រុកពញាឮមានសិស្សប្រលងចំនួន៥៧១នាក់ ប្រលងជាប់ចំនួន៤៩២នាក់ ក្នុងនោះនិទ្ទេសA ចំនួន២នាក់ និទ្ទេសB ចំនួន១០នាក់ និទ្ទេសC ចំនួន៣៨នាក់ និទ្ទេសD ចំនួន១៥៩នាក់ និទ្ទេសE ចំនួន២៨៣នាក់។