មន្ទីរសាធារណៈការខេត្តកណ្តាល ចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់មួកសុវត្ថិភាព ជូនប្រជាពលរដ្ឋ

លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាលបានថ្លែងថា គ្រោះថ្នាក់ចរាចរណ៍ គឺជាឧបសគ្គដ៏ធំមួយ ដែលបំផ្លិចបំផ្លាញថវិកាជាតិមិនតិចជាង៣០០លានដុល្លារទេ ក្នុងមួយឆ្នាំៗ។ លោក ថ្លែងបែបនេះ គឺបានធ្វើឡើងនៅក្នុងកម្មវិធីចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងផ្តល់មួកសុវត្ថិភាព ដល់អ្នកបើកបរម៉ូតូ កាលពីព្រឹកថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០១៩។

លោក ម៉ឹង យូឡេង បានបន្តថា ឆ្នាំ២០១៨ កន្លងទៅនេះ អ្នកដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា មានចំនួន ១៧៦១នាក់ គិតជាមធ្យម គឺ៥នាក់ ក្នុងមួយថ្ងៃ ដែលបង្កឡើងដោយការទ្វេសប្រហែសក្នុងការបញ្ជាយានជំនិះធ្វើចរាចរណ៍លើផ្លូវសាធារណៈ ផ្លូវកាន់តែស្អាត គ្រោះថ្នាក់កាន់តែមានការកើនឡើង។ ដោយឡែកនៅក្នុងខេត្តកណ្តាលយើងនេះ គ្រោះថ្នាក់ចរាចរណ៍កាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ ឃើញថាកើតឡើង១៧លើក មានការកើនឡើងចំនួន៥លើក ស្លាប់មនុស្សចំនួន១២នាក់ ក្នុងនោះស្រី៣នាក់ របួសធ្ងន់ និងរបួសស្រាលជាច្រើននាក់។ ជនរងគ្រោះភាគច្រើនជាអ្នកបើកបរម៉ូតូ ដែលមិនបានយល់ដឹងច្បាស់លាស់អំពីការបញ្ជាយាន្តជំនិះ មិនបានស្គាល់អំពីស្លាកសញ្ញាចរាចរណ៍ដែលបានដាក់នៅតាមដងផ្លូវ បើកបរទ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ពិសេសមិនពាក់មួកការពារសុវត្ថិភាពតែម្តង។ ដូច្នេះហើយថ្ងៃនេះ ដោយបានការក្រើនរំលឹកពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមបណ្ឌិត ម៉ៅ គិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល លោកបានរៀបចំកម្មវិធី ក្នុងការបណ្តុះបណ្តាលផ្សព្វផ្សាយអំច្បាប់ចរាចរណ៍នេះបន្តទៅទៀត ដើម្បីប្រជាពលរដ្ឋយើងចូលរួមគោរព និងស្វែងយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

លោកថា ក្នុងថ្អៃនេះ យើងបានសាកល្បងមនុស្សដែលទទួលបានមួកសវុត្ថិភាពចំនួន១០នាក់ ប៉ុន្តែអ្នកចេះច្បាប់ចរាចរណ៍មានតែម្នាក់ប៉ុណ្ណោះ។ ដូច្នេះការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋយើងដែលបញ្ជាយាន្តជំនិះមានប្រមាណ៩០ភាគរយ ដែលមិនយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

លោក ម៉ឹង យូឡេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនដី, ខ្សាច់ និងសម្ភារៈការដ្ឋានសំណង់ទាំងអស់ដែលប្រឡាក់ដី សូមមេត្តាលាងសម្អាតរថយន្តឱ្យបានស្អាតមុននឹងធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវជាតិ សូមដឹកកុំឱ្យលើសទម្ងន់ កុំឱ្យជ្រុះមកលើផ្លូវថ្នល់បង្កផលប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀត។ លោកថា កន្លងមកលោកបានសហការគ្នាជាមួយនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ឃាត់រថយន្តដែលបើកបរមិនគោរពច្បាប់ និងខុសបទដ្ឋានបច្ចេកទេសបានជាច្រើនគ្រឿងដែរ ហើយយើងនឹងបន្តរឹតបន្តឹងបន្ថែមទៀត ដើម្បីឱ្យពួកគាត់ចូលរួមគោរពច្បាប់ទាំងអស់គ្នា។

លោក ឆេង សំអឿន មន្ត្រីនគបាលរាចរណ៍ផ្លូវគោកខេត្តកណ្ដាល បានមានឲ្យដឹងដែរថា ការពាក់មួកសុវត្ថិភាពនេះគឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថាបើយើងស្រឡាញ់ជីវិតនៅពេលបើកបរត្រូវតែពាក់មួកសុវត្ថិភាព។ សូមស្ដាប់សំដីរបស់លោក ឆេង សំអឿន    មន្ត្រីនគបាលចរាចរណ៍។