ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងនៅសង្កាត់រការខ្ពស់

ប្រជាពលរដ្ឋរស់នៅសង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ទទួលបានផ្លូវបេតុងប្រវែង៥៨០០ម៉ែត្រ ពីរដ្ឋបាលខេត្តកណ្តាល ហើយនេះជាចំណងដៃថ្មីមួយបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់រការខ្ពស់ ដែលទើបកាត់ចេញពីស្រុកស្អាង មកក្រុងតាខ្មៅ។
នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ភិរុណ អភិបាល នៃគណះអភិបាលខេត្តកណ្តាល និងឯកឧត្តម ខឹម សោភ័ណ្ឌ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់រការខ្ពស់ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិព្រែកថី ភូមិព្រែកសំរោង ភូមិកោះគរ និងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង និងប្រជាពលរដ្ឋជាង១ពាន់នាក់។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានលើកឡើងថាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់លើការវិនិយោគទៅលើ ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគទៅលើសេវាសង្គម វិនិយោគទៅលើវិស័យអប់រំ និងវិនិយោគទៅលើវស័យផ្សេងៗទៀត ដើម្បីឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តមបន្តថា សម្រាប់ខេត្តកណ្តាល ប្រជាពលរដ្ឋមានចំណូលសម្រាប់ម្នាក់ៗចំនួន១៧២៤ដុល្លារ ក្នុង១ឆ្នាំ ហើយកំណើននេះបានមកពីវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម ហើយវិស័យទាំងនេះហើយដែលធ្វើឱ្យខេត្តកណ្តាល មានថវិកាសម្រាប់អភិវឌ្ឍន៍ខេត្ត ឯកឧត្តមបន្ថែមថា ខេត្តនឹងបន្តខិតខំរកចំណូលទៅលើសារពើព័ន្ធ និងមិនមែនសារពើពន្ធបន្ថែមទៀត ដែលធ្វើឱ្យខេត្តកណ្តាលមានថវិកា បម្រើឱ្យសេវារដ្ឋបាល និងកិច្ចអភិវឌ្ឍន៍ទៅលើ ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមបន្ថែមថា សម្រាប់សិស្សានុសិស្សនៅក្នុងសង្កាត់រការខ្ពស់ ដែលត្រៀមប្រលងសញ្ញាប័ត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ឯកឧត្តមនិងផ្តល់ម៉ូតូមួយគ្រឿង សម្រាប់សិស្សដែលប្រលងជាប់និទ្ទេសA ហើយចំពោះលោកគ្រូ អ្នកគ្រួ ថ្នាក់ទី១២ ក្នុងសង្កាត់រការខ្ពស់ ដែលមានសិស្សប្រលងជាប់និទ្ទេសA ឯកឧត្តមនិងផ្ដល់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ក្នុងទឹកដីខេត្តសៀមរាប។ ឯកឧត្តមបានផ្ដាំផ្ញើដល់ សិស្សានុសិស្សត្រូវយកចិត្តទុកដាក់ សិក្សារៀនសូត្រ និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រលង។