ស្ថានភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅខេត្តកណ្តាល

យើងសង្កេតឃើញថា នៅសម័យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មិនមានវត្តមានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមក្នុងការសង្កេតការប្រឡងនោះទេ។ តែទោះមិនមានវត្តមានរបស់អង្គភាពប្រឆាំងអំពើពុករលួយក្ដី ក៏ក្រសួងអប់រំយុវជន និងកីឡា នៅតែរឹតបន្តឹងដល់បេក្ខជន ដែលត្រូវប្រឡង ដោយមិនអនុញ្ញាតអោយយកព្រីយ៉ុង ទួរសព្ទ ឬគ្រឿងអេឡិចត្រូនិច ចូលក្នុងបន្ទប់ប្រឡងបានឡើយ។

        ដើម្បីជាការលើកទឹកចិត្ត ដល់សិស្សានុសិស្ស ដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ នៅព្រឹកថ្ងៃទី១៩ ខែសីហា ម្សិលមិញនេះ  ដែលជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារប្រឡង នៅវិទ្យាល័យ ហ៊ុន សែន សេរីភាព។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់ក្មួយៗ ជាសិស្សានុសិស្សទាំងអស់ សូមកុំមានការភិតភ័យ ត្រូវធ្វើចិត្តឲ្យស្ងប់ ខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់ លើគ្រប់ វិញ្ញាសារ ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់បទបញ្ជាផ្ទៃក្នុង ក្នុងការប្រឡង។ ឯកឧត្តមបានជូនពរ ដល់សិស្សានុសិស្សទាំងអស់ ឲ្យទទួលបានជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រឡងឆ្នាំនេះ ហើយរដ្ឋបាលខេត្តនៅតែបន្ត និងត្រៀមរង្វាន់ សម្រាប់ផ្ដល់ជូនសិស្សានុសិស្ស ដែលទទួល បាននិទ្ទេសល្អប្រសើរ ផងដែរ។

លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានឱ្យដឹងថា ដោយមានការសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កងកម្លាំង មន្ទីរសុខាភិបាល អាជ្ញាធរមូលដ្ឋាន គណៈមេប្រយោគទាំងអស់ និងគ្រប់គណៈកម្មការទាំងអស់ទូទាំងខេត្ត នៅក្នុងថ្ងៃប្រឡងទី១ នៅតាមមណ្ឌលប្រឡងនីមួយៗ មានភាពរលូន បានដំណើរការល្អ ដោយមានសភាពស្ងប់ស្ងាត់ មានរបៀបរៀបរយ គ្មានព្រីយ៉ុង គ្មានទួរសព្ទ ឬគ្រឿងអេឡិចត្រូនិច និងគ្មានរាល់គ្រប់សំណៅឯកសារ ចូលក្នុងបន្ទប់ប្រឡងបានឡើយ។  ពិសេសកងកម្លាំង និងអាជ្ញាធរបាន​យកចិត្តទុកដាក់បំផុត ក្នុងការរក្សានូវសណ្ដាប់ធ្នាប់ សន្តិសុខ សុវត្តិភាព ជូនដល់បេក្ខជនទាំងអស់ដែលមកប្រឡង ព្រមទាំងមាតាបិតា និងអាណាព្យាបាល ដែលពួកគាត់បានរងចាំកូនៗនៅតាមមណ្ឌល ដើម្បីលើកទឹកចិត្ត និងជាកំលាំងសម្រាប់កូនៗរបស់គាត់។ លោកប្រធានមន្ទីរបន្តថា បេក្ខជនដែលត្រូវប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ទូទាំងខេត្តកណ្ដាលមានចំនួន ៨៦៥៨នាក់ អវត្តមានចំនួន១២៥នាក់។