ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំក្រាំងយ៉ូវទទួលបានផ្លូវបេតុង១ខ្សែប្រវែង១៥០០ម៉ែត្រ ពីរដ្ឋបាលខេត្តកណ្តាល

ឯកឧត្តម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម ទី សុគណ្ឋ សមាជិសភា និងជាប្រធានក្រុមការងារជាតិចុះជួយឃុំក្រាំងយ៉ូវ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង១ខ្សែ ប្រវែង១៥០០ម៉ែត្រ ស្ថិតនៅភូមិកំពុងពោធិ័   និងភូមិកំពង់ពោធិ័ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ។

         មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានថ្លែងថានេះជាចំណងដៃថ្មីបន្ថែមទៀត សំរាប់ប្រជាពលរដ្ឋក្នុងស្រុកស្អាង ជាពិសេសឃុំក្រាំងយ៉ូវ អោយមានការអភិវឌ្ឍឈានឡើង ហើយនិងផ្តល់សារះសំខាន់ជាទីបំផុត បំរើអោយផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើអោយបងប្អូនប្រជាជនមានទឹកចិត្តសប្បាយរីករាយ ហើយមានការជឿងជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

         ឯកឧត្តម បានបញ្ជាក់ថា ផ្លូវនេះជាគម្រោង ថវិការបស់រដ្ឋបាលខេត្តឆ្នាំ២០១៩ ហើយសំរាប់ឆ្នាំ២០២០ រដ្ឋបាលខេត្តនឹងផ្តល់ជូនផ្លូវប្រវែង១១០០ម៉ែត្របន្ថែមទៀត ដែលតភ្ជាប់ពីផ្លូវចាស់ប្រវែង១៥០០ម៉ែត្រ។         

 ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមជុំវិញផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរផង ដើម្បីជាប្រយោជន៍រួម ហើយក៏ដូចជាការធ្វើដំណើរចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នជៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ ។ 

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលខេត្តកណ្តាលសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងបានណែនាំដល់ក្រុមហ៊ុនទទួលការម៉ៅការសាងសង់ត្រូវគោរព និងអនុវត្តឲ្យបានត្រឹមត្រូវតាម បទដ្ឋានបច្ចេកទេស ធានានូវគុណភាព។