លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យជំរុញចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី២ ២០១៨-២០២១

 

     លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានជំរុញដល់អាជ្ញាធរក្រុងស្រុកនិង មន្ទីរអង្គភមន្ទីរអង្គភាពជុំវិញខេត្តត្រូវរួមគ្នាលើកកម្ពស់នៃការអភិវឌ្ឍខេត្តកណ្តាល ទាំងបរិស្ថាន អនាម័យសោភ័ណភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២ ។

      លោកជំទាវបានជំរុញបែបនេះនៅក្នុងឱកាសដែលលោកជំទាវបានអញ្ជើញ ជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យចលនាប្រលងប្រណាំងទីក្រុងទេសចរណ៍អាស៊ានលើកទី២ឆ្នាំ២០២១ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកណ្តាល។

       លោកជំទាវ ហ៊ុន កុសនី បានថ្លែងថា ដើម្បីទទួលបានជ័យលាភី ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ានលើកទី២នេះ ទាល់តែខេត្តកណ្តាលរបស់យើងត្រូវអនុវត្តអោយបានដូចជា ត្រូវពង្រឹងការគ្រប់គ្រងសំណល់រឹង (ការវេចខ្ចប់ទុកដាក់ ការប្រមូលសំរាម) ។ ការរក្សាភាពស្អាតនៅតាមទីសាធារណៈ (សួន ផ្លូវសំខាន់ៗក្នុងក្រុង និងផ្លូវចូលក្រុង) ការរៀបចំ និងថែទាំបង្គន់អនាម័យសាធារណៈ ។ ការរៀបចំសាងសង់បន្ថែម និងពង្រឹងការគ្រប់គ្រងមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ឲ្យបានសមស្របតាមទំហំនិងកំណើនទេសចរណ៍ និង ពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ។ដើម្បីប្រជែងយកជ័យលាភីទីក្រុងស្អាតអាស៊ានលើកទី២នេះបាន អាជ្ញាធរក្រុងស្រុក មន្ទីរនានាក្នុងខេត្តត្រូវសហការគ្នារៀបចំអោយនូវកិច្ចអភិវឌ្ឍន៍មូលដ្ឋានក្នុងខេត្តកណ្តាលអោយមានសក្តានុពលខ្លាំងក្លា ប្រកបដោយភាពទាក់ទាញ ។

      លោកជំទាវ បានមានប្រសាសន៍បន្តទៀតថាៈ នាឆ្នាំនេះ រាជរដ្ឋាភិបាលបានប្រកាសជ្រើសរើសបេក្ខភាពខេត្តថ្មីចំនួន៦ ដែលជាជ័យលាភីទីក្រុងស្អាតថ្នាក់ជាតិ ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ ត្រូវបានដាក់ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២ សម្រាប់ជ័យលាភីឆ្នាំ២០២១ ដូចជាក្រុងតាខ្មៅ ក្រុងកំពង់ឆ្នាំង ក្រុងកំពត ខណ្ឌដូនពេញ ក្រុងកំពង់ចាម និងក្រុងពោធិសាត់  ៕