វគ្គបណ្ដុះបណ្ដាលស្ដីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ

 

 នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ នៅសាលាខេត្តកណ្ដាលបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុជូនដល់លោក-លោកស្រីជាសមាជិកក្រុមប្រឹក្សាក្រុង-ស្រុកអភិបាលរងក្រុង-ស្រុក និងលោក-លោកស្រីមេឃុំ ចៅសង្កាត់ ឲ្យមានការយល់ដឹងពីអាកាសធាតុនៅលើផែនដី ដែលកំពុងមានការប្រែប្រួល ទូទាំងពិភពលោក ហើយការប្រែប្រួលអាកាសធាតុជាលទ្ធផលដែលកើតចេញពីសកម្មភាពរបស់មនុស្សទាក់ទងនឹងការធ្វើឧស្សាហកម្ម ការកាប់បំផ្លាញព្រៃឈើ និងការប្រែប្រួលនៃការប្រើប្រាស់ដី។

   

           ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ជាប្រទេសមួយក្នុងបណ្ដាប្រទេសដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមបន្តថាការបម្រែបម្រួលអាកាសធាតុជាបញ្ហាកំពុងតែកើតមានឡើងដែលប្រទេសកម្ពុជាយើងទទួលរងផលប៉ះពាល់ខ្លាំងជាងគេពីបម្រែបម្រួលអាកាសធាតុ និងមានការត្រៀមខ្លួនតិចតួចព្រោះប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ប្រជាជនភាគច្រើនពឹងផ្អែកទៅលើ វិស័យកសិកម្មសម្រាប់ស្បៀងអាហារនិងការប្រកបរបរចិញ្ចឹមជីវិត ហើយការបម្រែបម្រួលអាកាសធាតុអាចបង្កឲ្យមានគ្រោះរាំងស្ងួតគ្រោះទឹកជំនន់ច្រើនជាងមុនសម្រាប់ប្រទេសកម្ពុជា។

  

         ឯកឧត្តម អភិបាលរងខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជាបានកំណត់យកតម្រូវការឲ្យមានការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ សម្រាប់វិស័យកសិកម្ម និងព្រៃឈើ ហើយវិស័យជាអតិភាពនោះ គឺវិស័យកសិកម្ម ដែលតម្រូវឲ្យមានការបង្កើតប្រភេទដំណាំកសិផលដែលផ្ដល់ទិន្នផលខ្ពស់ សាំនឹងការប្រែប្រួលអាកាសធាតុ កែលម្អលើការគ្រប់គ្រងដំណាំកសិផល ការបង្កើតប្រព័ន្ធប្រកាសអាសន្នសម្រាប់ហេតុការណ៍កាសធាតុអាក្រក់ខ្លាំង និងកែលម្អប្រព័ន្ធធារាសាស្រ្ត។

  

      ក្នុងឱកាសនោះ ឯកឧត្តមក៍បានផ្ដាំផ្ញើដល់អស់លោក-លោកស្រីដែលជាសិក្ខាកាម និងជាតំណាងឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់លើមេរៀននៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីបានជាចំណេះដឹងយកទៅអនុវត្ត ដោយដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍និងកម្មវិធីវិនិយោគឲ្យកាន់តែមានភាពជាក់លាក់ថែមទៀត។