កិច្ចប្រជុំផ្សព្វផ្សាយការលើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋាន

ខេត្តកណ្ដាលជាខេត្តមួយក្នុងចំណោមខេត្តទាំង ៦ ដែលស្ថិតក្នុងគម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋានដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុបនិងមានរយៈពេលអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

 

      ខេត្តដែលគម្រោងចាត់ជាតំបន់គោលដៅគឺមានខេត្តពោធិ៍សាត់ខេត្តកំពង់ស្ពឺបន្ទាយមានជ័យកំពង់ធំកែបនិងខេត្តកណ្ដាល។ សម្រាប់ខេត្តកណ្ដាលមាន ២៦ ឃុំគឺក្នុងស្រុកស្អាងនិងស្រុកអង្គស្នួល។

      លោកគង់ឆេងប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងពិធីផ្សព្វផ្សាយការលើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាមូលដ្ឋាននៅសាលាខេត្តកណ្ដាលនាថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៩។

 

   ថ្លៃងមានមតិចូលរួមក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្ដាលបាន បញ្ជាក់ថាគម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិរបស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្ដាលគឺជាគម្រោងដែលរៀបចំស្នើឡើងដោយប្រធានសមាគមថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ដោយមានកិច្ចសហការពីអង្គការ API និងអង្គការAEA ទើបទទួលបានសម្រេចគាំទ្រថវិកាពីសហភាពអឺរ៉ុបរយៈពេល ៣ ឆ្នាំ (២០១៩-២០២១) ។ ឯកឧត្តមបានបញ្ជាក់ថា គម្រោងនេះគួរមានមោទនភាពផងដែរថាមិនត្រឹមតែមានវិសាលភាពគ្របដណ្ដប់ដល់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ប៉ុណ្ណោះទេតែមានវិសាលភាពគ្របដណ្ដប់ដល់ទៅខេត្តចំនួន ៥ បន្ថែមទៀត គឺមានខេត្តបន្ទាយមានជ័យ កំពង់ធំ កណ្ដាល កំពង់ស្ពឺ និងខេត្តកែប គោលបំណងជារួមរបស់គម្រោងគឺការពង្រឹងសមត្ថភាពស្ថាប័ននិងការប្រតិបត្តិនៃក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងសមាជិកសមាគមនៅក្នុងស្រុកចំនួន ៣៧ នៃខេត្តគោលដៅចំនួន ៦ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គណនេយ្យភាពតម្លាភាពនិងការឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្ឋជាពិសេសក្រុមងាយរងគ្រោះ។

 

    ក្នុងនាមរដ្ឋបាលខេត្តកណ្ដាលក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកណ្ដាលដែលបានយកចិត្តទុកដាក់ស្វែងយល់ពីបញ្ហាតម្រូវការរបស់សមាជិកក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ហើយបានសហការជាមួយអង្គការដៃគូ PIA និង AEA រៀបចំគម្រោងនេះឡើងនឹងទទួលបានការគាំទ្រថវិកាពីសហភាពអឺរ៉ុប។ គម្រោងលើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាននេះនឹងផ្ដល់ផលប្រយោជន៍យ៉ាងសំខាន់ដល់សមាជិកសមាគមនិងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលនិងខេត្តគោលដៅចំនួន ៥ ទៀតជាពិសេសក្រុមជនងាយរងគ្រោះ។

ម្យ៉ាងទៀតនឹងកំណត់បានពីបច្ចុប្បន្នភាពសមត្ថភាពស្ថាប័ននិងសមាជិកសមាជិកាសមាគមក្រុមប្រឹក្សាមូលដ្ឋានដើម្បីបានជាមូលដ្ឋានសម្រាប់ឱ្យក្រុមការងារបច្ចេកទេសគម្រោងកំណត់បាននូវបញ្ហាតម្រូវការសមត្ថភាពស្ថាប័ននិងសមាជិកក្រុមប្រឹក្សាសមាគមថ្នាក់មូលដ្ឋាននៅមានការខ្វះចន្លោះអ្វីខ្លះ ដែលត្រូវការអភិវឌ្ឍសមត្ថភាពរបស់ពួកគាត់។

 

        ឯកឧត្តម បានអំពាវនាវឲ្យរដ្ឋបាលក្រុងស្រុកអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធដែលមានវត្តមាននៅទីនេះជាអាជ្ញាធរមានសមត្ថកិច្ចសូមចូលរួមសហការនិងផ្ដល់ការគាំទ្រទាំងស្រុងក្នុងការអនុវត្តគម្រោងដ៏មានសារៈសំខាន់នេះដើម្បីឲ្យគម្រោងអនុវត្តទៅព្រឹកដោយរលូន និងទទួលបានជោគជ័យ។