មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្តាល ជិះកង់ត្រួតពិនិត្យគុណភាពផ្លូវ និងសម្អាតបរិស្ថានតាមដងផ្លូវក្នុងក្រុងតាខ្មៅ

     

 លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានឲ្យដឹងថា នេះគឺជាលើកទី ៦ ហើយដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយ អជ្ញាធរក្រុង មន្ទីរជុំវិញខេត្ត និងសង្កាត់ទាំង ៦ ក្នុងក្រុងតាខ្មៅ  ធ្វើការជិះកង់ ដើម្បីត្រួតពិនិត្យផ្លូវ នឹងដើររើសសំរាមសម្អាតថ្នល់ ដោយមានអ្នកចូលរួមជាង ៣០០ នាក់។

        លោកបានបញ្ចាក់ដូច្នេះ នៅក្នុងការចុះត្រួតពិនិត្យគុណភាពផ្លូវ និងសម្អាតបរិស្ថានតាមដងផ្លូវក្នុងក្រុងតាខ្មៅ ដោយការជិះកង់កាលពីព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩។

        លោក ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាលបានបញ្ជាក់បន្តថា ការចុះសម្អាតផ្លូវថ្នល់នេះ គឺចាប់ផ្ដើមធ្វើការសំអាតលើផ្លូវលេខ ២១B ចាប់ពី គល់ស្ពានព្រែកសំរោងរហូតដល់គល់ស្ពានព្រែកហូរ និងផ្លូវកំពង់សំណាញ់ទី ១ ផ្លូវកំពង់សំលាញ់ទី ២ និងផ្លូវកំពង់សំណាញ់ទី ៣ ដោយក្រុមការងារ និងដើររើសសំរាមសម្អាតតាមដងផ្លូវ ជួសជុលសំបុកមាន់ និងប្រើឡានទឹកដើម្បីលាងសម្អាតផ្លូវថ្នលផងដែរ។

        លោក  បានបញ្ចាក់ទៀតថា គោលបំណងសំខាន់ក្នុងការចុះសម្អាតតាមដងផ្លូវសំខាន់ៗក្នុងក្រុងតាខ្មៅនេះ គឺដើម្បីក្រើនរំលឹក ដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមធ្វើឱ្យទីក្រុងតាខ្មៅ ក្លាយទៅជា ទីក្រុងមួយដ៏ស្អាត មានបរិស្ថានល្អក្នុងការរស់នៅ ជាទីក្រុងដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ និងឈានទៅយកបានផ្ការំដួល៣ទង នៅពេលអនាគត់។  លោកបានបញ្ជាក់បន្ថែមថា ការសំអាតបរិស្ថានផ្លូវនេះ គឺពួកយើងទាំងអស់គ្នាប្តេជ្ញាថានឹងខិតខំរួមគ្នាធ្វើការសំអាតម្ដងមួយផ្លូវៗជាមួយប្រជាពលរដ្ឋ រហូតដល់ផ្លូវទាំងអស់ក្នុងក្រុងតាខ្មៅក្លាយជាផ្លូវដែលស្អាត មានសោភ័ណភាព និងមានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍។

      ថ្លៃក្នុងឱកាសនេះដែរ លោក ឡាយ សំរិទ្ធ អភិបាលរងក្រុងតាខ្មៅ បានថ្លែងអំណរគុណ និងគាំទ្រដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល និងបណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់ដែលតែងតែបានលះបងពេលវេលា ឈប់សម្រាកពីការងារមកចូលរួមសហការគ្នាធ្វើការសម្អាតបរិស្ថានតាមដងផ្លូវជារៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍។ លោកបានបន្តថា ទោះជាយ៉ាងណាក៏ដោយការសម្អាតនេះគឺមិនទាន់គ្រប់គ្រាន់ទេសម្រាប់ក្រុងតាខ្មៅទាំងមូល អ្វីដែលគ្រប់គ្រាន់នោះការចូលរួមសហការពីប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងតាខ្មៅរួមគ្នាសម្អាតបរិស្ថានតាមផ្ទះរៀងៗខ្លួន ដោយត្រូវចេះរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបើកបរដោយគោរពច្បាប់និងមានសណ្ដាប់ធ្នាប់។ លោកក៍បានបានធ្វើការអំពាវនាវដល់អាជីវករដែលលក់ដូរតាមចិញ្ចើមផ្លូវសូមកុំធ្វើការរំលោភលើបញ្ចើមផ្លូវ កុំចោលសំរាមលើចិញ្ចើមផ្លូវដែលជាហេតុធ្វើឲ្យ ខូចបរិស្ថាន និងស្ទះលូនៅពេលមេឃភ្លៀងម្ដងៗ ត្រូវចូលរួមគ្នាក្នុងការសំអាតបរិស្ថានក្នុងទីក្រុងយើងឲ្យក្លាយជាទីក្រុងស្អាតសម្រាប់យើងទាំងអស់គ្នា។