ពិធីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងាអត្រានុកូលដ្ឋាន និងប្រើប្រាស់សៀភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ

ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងលោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងាអត្រានុកូលដ្ឋាន និងប្រើប្រាស់សៀភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនដល់លោក លោកស្រី ដែលអញ្ជើញមកពីឃុំ សង្កាត់ទាំង ១២៧ ក្នុងខេត្តកណ្ដាល ។

ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តមានប្រសាសន៍ថា ការចុះបញ្ជីអត្រានុកូលដ្ឋាន គឺជាការផ្ដល់នូវឯកសារគតិយុត្តដ៏សំខាន់ចាំបាច់ជូនប្រជាពលរដ្ឋដែលទាក់ទងកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ចំពោះឯកសារគតិយុត្ត គឺជាឯកសារភស្ដុតាង ដ៏មានតម្លៃបំផុតក្នុងជីវិតរបស់មនុស្សម្នាក់ៗសម្រាប់បញ្ជាក់ពីសញ្ញាណ និងស្ថានភាពស៊ីវិលរបស់មនុស្សម្នាក់ៗនៅក្នុងសង្កមគ្រួសារ និងត្រកូលរបស់ខ្លួន សម្រាប់ការពារសិទ្ធិ សេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម ។

ឯកឧត្តមបានបន្តថា ផ្អែកតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ការងារអត្រានុកូលដ្ឋាន គឺជាសេវាសាធារណៈអាទិភាព ហើយទិសដៅចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវធានាឲ្យមានប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានមួយ ដែលជឿនលឿនច្បាស់លាស់ មានសុវត្ថិភាព និងប្រកបដោយចីរភាព ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ៗរូបបានទទួលសេវាអត្រានុកូលដ្ឋានគ្រប់ប្រភេទ ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព ។ ទន្ទឹងនឹងនេះដែរ ដើម្បីពង្រឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ឲ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធិភាព រាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការ នៃការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលប្រើប្រាស់ ដោយមេភូមិ នៅទូទាំង ២៥ រាជធានី ខេត្ត ។

ក្នុងពិធីបើកវគ្គនេះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់ មន្រ្តីអត្រានុកូលដ្ឋានទាំងអស់ ដែលបានចូលសិក្សាវគ្គបណ្ដុះបណ្ដាលនាពេល ពិតជាទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ល្អៗ បន្ថែម ដើម្បីយកទៅបំពេញការខ្វះចន្លោះរបស់ខ្លួន ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងាអត្រានុកូលដ្ឋាន និងប្រើប្រាស់សៀភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ហើយប្រធានបទដែលត្រូវសិក្សាមានចំនួន ៥ប្រធានបទ  ទី១ ទិដ្ឋភាពទៅទៅអត្រានុកូលដ្ឋាន ទី២ អត្រានុកូលដ្ឋានកំណើត ទី៣ អត្រានុកូលដ្ឋានអាពាហ៍ពិពាហ៍ ទី៤ អត្រានុកូលដ្ឋានមរណភាព និងទី៥ ទិដ្ឋភាពទូទៅ នៃសៀវភៅភូមិ ។