មន្រី្តរាជការខេត្តកណ្ដាល កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា

ពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីនេះ មានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របុត្រ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៩។

នៅព្រឹកសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងលោកជំទាវ រួមជាមួយ​ឯកឧត្ដម​ លោក​ជំទាវ​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្ដម​ លោក​ជំទាវ​ អភិបាល​រង​ខេត្ត​ មន្រី្តរាជការជុំវិញខេត្ត​ និង​ប្រជាពលរដ្ឋ​ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត រាប់បាត្រ កាន់បិណ្ឌទី១ នៅវត្តប្រជុំនទីក្រពើហា ស្ថិតនៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឯកឧត្តម នួន ផា បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវប្រកាន់ទំនៀមទំលាប់ប្រពៃណីខ្មែរ គឺមនុស្សគ្រប់រូបត្រូវតាំងចិត្តបំពេញសេចក្ដីល្អ នឹងមានភាពកត្តញ្ញូ ដឹងគុណនឹកឃើញដល់ឪពុកម្ដាយ សាច់ញ្ញាត្តិ និងសាច់សារលោហិត ៧សន្ដានដែលធា្លប់មានគុណលើខ្លួន ទាំងអ្នកលាចាកលោកទៅហើយ និងអ្នកដែលនៅរស់។ ពិធីបុណ្យកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ គឺជាឪកាសឲ្យសាច់ញាតិទាំងឡាយដែលនៅផ្សេងគ្នា មកជួបជុំគ្នា បង្កើនឲ្យមានសាមគ្គីភាពគ្នា នឹងបណ្ដុះស្មារតីឲ្យមនុស្សលះបង់សេចក្ដីអាក្រក់គ្រប់យ៉ាង។

ឯកឧត្ដមបន្តថា ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរយើងជាយូរមកហើយ។

ឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរ បង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផល កុសលផលបុណ្យ ទៅដល់ពពួកប្រែតអសុរកាយ។ ប្រជាពលរដ្ឋ មានជំនឿថា អ្នកមានគុណ បុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅ មិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះ ពីពួកគេ នៅពេលពពួកប្រេតទាំងនោះ ត្រូវបានគេដោះលែងឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ។

ឯកឧត្តម លោកជំទាវ និងពុទ្ធបរស័ទ បានប្រគេនទេយ្យវត្ថុ សំភារៈបរិក្ខា និងបច្ច័យចំនួន ១៨,៦២០,០០រៀល អង្ករ១០បាវ ទឹកសុទ្ធ១០កេះ ទឹកក្រូច១០កេះ និងមី១០កេះ ដែលកើតឡើងដោយសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ត្តិចំណុះជើងវត្ត ក្នុងវេនទី១ និងមន្ត្រីរាជការក្នុងខេត្តកណ្តាល។