មន្ទីរបរិស្ថានខេត្តកណ្តាលរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងការប្រើប្រាស់ គ្រឿងញៀន

 

     រសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះមន្ទីរបរិស្ថាន ខេត្តកណ្ដាល បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយ មួយស្តីពីការទប់ស្កាត់ ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀន។  

      ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា សិក្ខាសាលាអប់រំផ្សព្វផ្សាយស្តីពី គ្រឿងញៀន និងជំងឺអេដស៍ ពិតជាមានសារះសំខាន់ខ្លាំងណាស់ ដែលក្រសួងបរិស្ថាន ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើបញ្ហាគ្រឿងញៀន និងជំងឺអេដស៍តាមរយះការរួមចំណែកក្នុងការអនុវត្តគោលនយោបាយភូមិឃុំមាសុវត្ថិភាព និងការកាត់បន្ថយអត្រាអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ។

      ឯកឧត្តមបានធ្វើការវាយតំលៃខ្ពស់ចំពោះមន្ទីរបរិស្ថានខេត្ត ដែលបានខិតខំពេញការងារ​កន្លងមកបានល្អ ទន្ទឹមនិងនេះសូមសិក្ខាកាមទាំងអស់មេត្តាយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាប្រឈមក៏ដូចជាចម្ងល់អោយបានច្បាស់លាស់ ព្រមទាំងមានមតិលើកឡើងអោយបានផុលផុសដើម្បីអោយសិក្ខាសាលានេះ ទទួលបានលទ្ធផលជោគជ័យ។

       ឯកឧត្តម សូត្រ យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបរិស្ថាន បានសហការជាមួយនឹង គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ជំងឺអេដស៍ អង្កការដៃគូ ដើម្បីធ្វើការបញ្ជ្រាបអប់រំផ្សព្វផ្សាយ ទាក់ទងនឹងបញ្ហានៃការរីក រាលដាលមេរោគអេដស៍ និងជំងឺអេដស៍ និងការប្រើប្រាស់គ្រឿងញៀនដល់មន្រី្តរាជការ គ្រប់ជាន់ថ្នាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានការយល់ឲ្យកាន់តែច្បាស់ ពីមូលហេតុនៃការឆ្លង និងរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ហើយធ្វើយ៉ាងណា ដើម្បីឲ្យមានការកាត់បន្ថយអាត្រាភាគរយឲ្យមានកម្រិតទាប នៃចំនួនអ្នកផ្ទុកមេរោគអេដស៍ នាអំឡុងឆ្នាំ២០២៥-២០៣០ខាងមុខ។

       ឯកឧត្តមបានបន្ថែមទៀតថា ចំពោះបញ្ហាគ្រឿងញៀនក្រសួងបរិស្ថាន សហការ ជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសិស្សានុសិស្ស នៅតាមសាលាឲ្យយល់ដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀនផងដែរ ជាពិសេស ចង់បញ្ជ្រាបការអប់រំទាក់ទង នឹង ផ្លូវច្បាប់អំពីបញ្ហាចម្បងទាំងពីរនេះ ទៅដល់ឧទ្យានរក្សទាំងអស់កំពុងតែ ឈរជើងការពារ ធនធានធម្មជាតិ ទៅលើផ្ទៃដីអភិរក្ស ទូទាំងប្រទេសដែលឧទ្យានរក្ស របស់យើងបាន លះបង់ ទាំងកម្លាំង ទាំងពេលវេលា និងទាំងអាយុជីវិត ក្នុងការ ការពារធនធានធម្មជាតិ របស់ប្រទេសយើង៕