កិច្ចប្រជុំសមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី៣

ក្នុងស្ថានភាព កំពស់ទឹក ទន្លេមេគង្គ និងទន្លេបាសាក់ កំពុងហក់ឡើងខ្ពស់ គួរអោយប្រុងប្រយត្ន័  នោះ  អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងស្ថាបន័ពាក់ពន្ធ័  ត្រូវរួមគ្នា ត្រៀមទប់ទល់ អន្តរាគមន៍ ចុះជួយសង្គ្រោះប្រជាពលរដ្ឋ ជួបការលំបាក ដោយសារគ្រោះមហន្តរាយ ដោយ យថាហេតុណាមួយដែលកើតឡើង។       នេះជាការលើកឡើងរបស់ឯកឧត្តម ម៉ៅ ភិរុណ  អភិបាលខេត្តកណ្តាល ក្នុងឱកាសបើកកិច្ចប្រជុំសាមញ្ញលើកទី៤ អណ្ណត្តិទី៣ ក្រុមប្រឹក្សា ខេត្តកណ្តាលឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩។

ឯកឧត្តមអភិបាលខេត្ត ក៍បានណែនាំផងដែរ  អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង និងមន្ទីរពាក់ព័ន្ធ អោយយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល អោយប្រជាពលរដ្ឋយើង បានរៀបចំបុណ្យកាន់បិណ្ឌ  ភ្ជុំបិណ្ឌ និងពិធីប្រណាំងទូកខេត្តកណ្តាល  ឆ្នាំ២០១៩  ដែលត្រៀមប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីត្រៀមចូលរួម ក្នុងព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប អកអំបុក សំពះព្រះខែ  នាពេលខាងមុខ ប្រកបដោយជោគជ័យ។

ឯកឧត្តមបន្ថែមថា ដើម្បីឲ្យខេត្តកណ្តាលយើងមានការអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ ក្នុងនាមយើងទាំងអស់គ្នាជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម គឺត្រូវមានទំនួលខុសត្រូវខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួ។    លើសពីនេះទៅទៀត ការចុះជួយតាមមូលដ្ឋានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព ពិតជាមានសារសំខាន់ណាស់ ក្នុងការដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ មួយវិញទៀត ការបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព មានភាពសាមញ្ញ មានប្រសិទ្ធភាព ភាពដែលអាចជឿទុកចិត្តបាន ភាពឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការ មានភាពងាយស្រួល និងមានការចូលរួមពីអ្នកប្រើប្រាស់សេវា  ហើយក៏ជាគន្លឹះ នៃការអភិវឌ្ឍន៍ខេត្តយើងដ៏ពិតប្រាកដ ភាពរីកចម្រើននៃជីវភាពរបស់ពួកគាត់  ។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរដល់ក្មួយៗសិស្សានុសិស្ស ដែលទើបប្រឡងបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ដែលទទួលបានលទ្ធផលល្អប្រើសើរ ទូទាំងខេត្តកណ្តាល នេះគឺជាមុខមាត់សម្រាប់ខេត្តកណ្តាល ដែលសិស្សានុសិស្សប្រឡងជាប់ មានការកើនឡើងជាងឆ្នាំមុន។

    កិច្ចប្រជុំ សាមញ្ញនេះ មានរៀបវារៈជាច្រើន  បានលើកយកមកពិនិត្យពិភាក្សា  ដោយផ្តោត សំខាន់លើការសំរេចចិត្ត និងផែនការណ៍ អភិវឌ្ឍន៌ វិនិយោគរបស់ខេត្ត។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នួន ផា ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល  បានលើកសំណូមពរ អោយ អង្គប្រជុំទាំងមូល ពិនិត្យ ពិភាក្សា លើរបៀបវារៈនិមួយៗ ដោយវាយតម្លៃ អោយគ្រប់ជ្រុងជ្រោយ រិះរកគំនិតល្អៗ ដើម្បីអនុម័តជាផែនការរួមមួយ សំរាប់យកទៅអនុត្តវត្តអោយមានប្រសិទ្ធភាពខ្ពស់។