អាគារស្នាក់នៅសម្រាប់ជនពិការ ដែលជាជំនួយរបស់អង្គការជប៉ុនត្រូវបានសម្ភោធដាក់អោយប្រើប្រាស់ហើយ

ថ្លែងនៅក្នុង ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់នៅសម្រាប់ជនពិការ ក្នុងអង្គការ សាមគ្គីធម៌ម៉ារីស្តកកម្ពុជា ដែលស្ថិតនៅ ភូមិព្រែករាំង១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ   ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមករបស់ថ្នាក់ដឹកនាំក៏ដូចជាបុគ្គលិកទាំងអស់នៃ អង្គការជប៉ុន ឈ្មោះ អង្គការ សាមគ្គីធម៌ម៉ារីស្តកកម្ពុជា ដែលតែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពបានយ៉ាងមានប្រសិទ្ធភាព ពិសេសគឺដៃគូអភិវឌ្ឍន៍ ម្ចាស់ជំនួយទាំងអស់ដែលបានជួយដល់អង្គការនេះតាំងពីឆ្នាំ ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។

        ឯកឧត្តមបន្តថា អាគារដែលបានសម្ពោធដោយប្រើប្រាស់នាថ្ងៃនេះគឺមានចំនួន ១៦ខ្នង ៣២បន្ទប់ មានសិស្ស ពិការភាព ស្នាក់នៅ ចំនួន ១៩៥នាក់ ដែលកំពុង បន្តការរៀនសូត្រ ហើយចំណាយទឹកប្រាក់ក្នុងការសាងសង់សរុបប្រមាណ ១,១៧៦,៧៣២$ ដែលជាថវិកាជំនួយឥតសំណងពីអង្គការដៃគូអភិវឌ្ឍន៍ជាច្រើនទៀត ហើយសមិទ្ធផលផលថ្មីនេះគឺពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមដ៏ល្អប្រពៃពីសំណាក់មិត្តភក្កិដៃគូបរទេសទាំងអស់ដែលបានមកជួយដល់កម្ពុជាយើងដែល យើងទាំងអស់គ្នាបានកត់សម្គាល់ផងដែរថាកត្តាសន្តិភាព និងស្ថេរភាពនយោបាយពេញលេញដែលកម្ពុជាកំពុងមានសព្វថ្ងៃគឺជាកាលានុវត្តភាព សម្រាប់បក្សភិវឌ្ឍន៍វិស័យពិការភាពប្រកបដោយភាពរឹងមាំ និងវិជ្ជមានដែលជាការបោះជំហានឆ្ពោះទៅរកការលុបបំបាត់ឧបសគ្គរារាំងដើម្បីសង្គមមួយសម្រាប់យើងទាំងអស់គ្នា។

        ក្នុងឱកាសនោះដែរ ឯកឧត្តម ធ្វើការអំពាវនាវដល់មាតាបិតាអាណាព្យាបាលសិស្ស ដែលមានកូនពិការភាពទាំងអស់ត្រូវជំរុញឲ្យប្អូនក្មួយៗដែលពិការភាព មកចូលរៀននៅសាលាឡារ៉ាឡា នេះដើម្បីបន្តការសិក្សានៅកម្រិតអនុវិទ្យាល័យ វិទ្យាល័យនិងសកលវិទ្យាល័យថែមទៀត ព្រោះមានតែការវិនិយោគលើការសិក្សាទេដែលអាចជាទុនបម្រុងសម្រាប់អនាគតភ្លឺស្វាងរបស់ប្អូនដែលមានពិការភាព ហើយឯកឧត្តមក៍បានលើកទឹកចិត្តដល់កុមារពិការទាំងអស់ សូមកុំអស់សង្ឃឹម ត្រូវខិតខំអភិវឌ្ឍទេពកោសល្យរៀងរៀងខ្លួនឲ្យដូចជាសិស្សដែលមិនមានពិការភាពហើយត្រូវចូលរួមក្នុងសកម្មភាពសង្គមឲ្យបានច្រើន។