ខេត្តកណ្ដាលជំរុញឲ្យបណ្ដាមន្ទីរ និងអង្គភាពក្រុង-ស្រុកខិតខំពិនិត្យពិចារណាលើគម្រោងនានាបានច្បាស់លាស់ដើម្បីការអភិវឌ្ឍនៅមូលដ្ឋាន

អភិបាលខេត្តកណ្ដាល ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើតម្រូវការគម្រោងអាទិភាព ដើម្បីបញ្ជូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តដោយស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន។    

      ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានបញ្ជាក់ដូច្នេះ នៅ​ក្នុងកិច្ចប្រជុំចាត់អាទិភាពតម្រូវការគម្រោងនៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២០-២០២២ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។

      ឯកឧត្តមបន្តថា រាល់សំណើរគម្រោងទាំងឡាយណាដែលបានលើកឡើងដោយមន្ទីរ ក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យសមស្របតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ឲ្យបានត្រឹមត្រូវ។ ដោយឡែក ចំពោះសំណើរ​ការកសាងផែនការអភិវឌ្ឍន៍ឆ្នាំ២០២០-២០២៤ របស់រដ្ឋបាលខេត្តណាល ឯកឧត្តមអភិបាលបានជំរុញ ដល់មន្ទីរអង្គភាព ក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ កំណត់បញ្ហា មូលហេតុ និងរិះរកមធ្យោបាយដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីរួមចំណែកអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រឲ្យកាន់តែប្រសើរឡើង។

      ក្នុងឱកាសនោះ ឯកឧត្តមក៏បានផ្ដាំផ្ញើដល់បណ្ដាមន្ទីរអង្គភាព ក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវកំណត់គោលនយោបាយ និងតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិបានណែនាំមិនត្រូវរំលងសកម្មភាពណាមួយឡើយ ពិសេសត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើរការនៃការកសាងកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ខេត្ត ដោយផ្ដល់ព័ត៌មានឲ្យបានទាន់ពេលវេលា ដើម្បីជួយធ្វើឲ្យដំណើរការនេះប្រព្រឹត្តិទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។  

       សូមជម្រាបថា បើយោងតាមរបាយការណ៍របស់មន្ទីរផែនការខេត្តកណ្ដាល គម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់ខេត្តមានសរុបចំនួន២៦៦ គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន១៤៨ គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ៨៦ គម្រោងផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធន់ធានធម្មជាតិមានចំនួន ១៣ គម្រោង  និងផ្នែករដ្ឋបាលសន្តិសុខមានចំនួន ១៩ គម្រោង។ ហើយចំពោះ គម្រោងសកម្មភាពអាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់ក្រុង-ស្រុក មានសរុបចំនួន ២០៤ គម្រោង ដែលក្នុងនោះផ្នែកសេដ្ឋកិច្ចមានចំនួន ៩៣គម្រោង ផ្នែកសង្គមកិច្ចមាន ៥០ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៣៤ គម្រោង និងផ្នែករដ្ឋបាលសន្តិសុខមានចំនួន ២៧ គម្រោង។