វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី១ អាណត្តិទី៣ ឆ្នាំ២០១៩ នៅស្រុកលើកដែក

រដ្ឋបាលខេត្តកណ្ដាល ទទួលយកសំណូមពរ និងបញ្ហាប្រឈម របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម នូ សាខន  សមាជិកក្រុមប្រឹក្សា និងឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកណ្ដាល លើកទី១ អាណត្តិទី៣  ឆ្នាំ២០១៩ នៅស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម  លោកជំទាវ  សមាជិក ក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ និងប្រជាពលរដ្ឋជាង៥០០នាក់។

មានប្រសាសន៍ក្នុងវេទិការឯកឧត្ដម នូ សាខន បានជម្រាប់ជូនដល់ក្រុមប្រឹក្សាស្រុក ឃុំ  ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ អំពីសកម្មភាព និងលទ្ធផលសំរេចបានរបស់ក្រុមប្រឹក្សាខេត្ត ដែលបានអនុវត្តក្នុងឆ្នាំកន្លងមក។ ពិសេសគឺការឆ្លើយតបចំពោះសំណើរក៍ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានស្នើកាលពីឆ្នាំមុន តាមរយៈការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីរកនូវបញ្ហាប្រឈម សម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្តការងារលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមចូលរួម លើកឡើងនូវ សំណូមពរបញ្ហាប្រឈមនៅក្នុងមូលដ្ឋាន របស់ខ្លូនអោយបានផុលផុស ព្រោះការលើកឡើយ របស់បងប្អូនប្រជាពលរដ្ឋ គឺមិនមានកំហុស ឬមានទោសទេ។

ក្នុងវេទិកានេះប្រជាពលរដ្ឋ  បានលើកឡើងនូវ សំណូមពរ និងបញ្ហាប្រឈម ដូចជា ការវាស់វែងដីធ្លី របស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមន្ត្រីសូរិយាដីបាន ហែកបង្កាន់ដៃរបស់ប្រជាពលរដ្ឋចោល។ បញ្ហាប្រជាពលរដ្ឋរស់នៅ ឃុំក្អមសំណរស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលឪពុក ម្ដាយ របស់គាត់មានទីកន្លែងកំណើត នៅខ្មែរកម្ពុជាក្រោម។ បញ្ហាស្នើសុំជួសជុលផ្លួវ ជួយស្ដារប្រឡាយ​ បញ្ហាបង់ពន្ធគយនៅខេត្ត ក្មេងជំនើង និងបញ្ហាគ្រឿងញៀននៅមូលដ្ឋាន។

ទាក់ទងបញ្ហាមន្ត្រីសូរិយាដីបាន ហែកបង្កាន់ដៃរបស់ប្រជាពលរដ្ឋចោល ត្រូវបានឯកឧត្តម នូវប៉េង ច័ន្ទតារា ស្នើសុំអោយដាក់ពាក្យបណ្តឹង ដល់អាជ្ញាធរឃុំ ហើយអាជ្ញាធរ  ឃុំ ស្រុក ត្រូវយកចិត្តទុកដាក់ ដោះស្រាយលើបញ្ហានេះ និងត្រូវអប់រំដល់មន្ត្រីសូរិយាដី អោយផ្លាស់ប្ដូរឥរិយាបថ ក្នុងការបំរើសេវាសាធារណៈអោយបានត្រឹមត្រូវ។ បញ្ហាស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលឪពុក ម្ដាយ របស់គាត់មានទីកន្លែងកំណើត នៅខ្មែរកម្ពុជាក្រោម ឯកឧត្ដម ស្នើអោយអាជ្ញាធរមូលដ្ឋាន ត្រូវពិនិត្យឯកសារអោយបានត្រឹមត្រូវ ហើយការស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវយោងទៅលើគោលការណ៍​ច្បាប់ជាធរមាន ដោយមិនត្រូវយោងទៅលើមនោសញ្ចេតនាឡើយ។ ដោយឡែកបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋដែលបានស្នើសុំ ត្រូវបានឯកឧត្ដម ស្នើអោយអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ចុះសិក្សារួចលើកគម្រោងជូនខេត្តផងដែរ។