វេទិការផ្សព្វផ្សាយស្តីពីការ បូមស្តារខ្សាច់នៅតាមដងទន្លបាសាក់

   

  បញ្ហាបូមខ្សាច់ខុសច្បាប់ គ្មានអញ្ញាប័ណ្ណ ពុំមានបច្ចេកទេសត្រឹមត្រូវ គឺបានបង្កឲ្យមាន  បញ្ហាបាក់ច្រាំងទន្លេ ដែលផ្តល់ផលប៉ះពាល់ ដល់លំនៅស្ថាន របស់ប្រជាពលរដ្ឋរស់នៅតាម ដងទន្លេជាបន្តបន្ទាប់ នេះជាការលើកឡើងរបស់លោក អឹង ឌីប៉ូឡា អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល នៅក្នុងវេទិកាផ្សព្វផ្សាយស្តីពីការបូមស្តារខ្សាច់នៅតាមដងទន្លបាសាក់ ចាប់ពីព្រំប្រទល់ ភ្នំពេញ-កណ្តាល ដល់ស្ពានព្រែកសំរោងក្រុងតាខ្មៅ ជាមួយប្រជាពលរដ្ឋ ក្នុងសង្កាត់តាខ្មៅ និងសង្កាត់ដើមមៀន ឲ្យពួកគាត់បានយល់ច្បាស់ពីអំពីការបូមតាមបច្ចេកទេស កុំឲ្យមានការព្រួយបារម្ភ ពីការបាក់ច្រាំងទន្លេបាសាក់ជាយថាហេតុ នៅពេលកំពុងដំណើរការ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។     

      លោក អឹង ឌីប៉ូឡា  បានបញ្ជាក់ថា ការបូមខ្សាច់តាមបែបបច្ចេកទេស គឺមិនធ្វើឲ្យមានការបាក់ច្រាំង និងមិនផ្ដល់ផលប៉ះពាលដល់ទន្លេទេ តែថែមទាំងជួយដល់ទន្លេ អោយមានជំ ជ្រៅ  ធ្វើឲ្យចរន្ធទឹករត់ត្រត់ត្រូវគន្លង ជៀសផុតពីការបាក់ច្រាំងទៀតផង។

      លោកក៍បានបញ្ជាក់ពីកត្កាដែលបង្កឲ្យមានការបាក់ច្រាំងគឺ ដោយសារតែនៅកណ្តាលទន្លេបាសាក់យើងមានសភាពរាក់ ធ្វើអោយខ្សែទឹកបុកមកខាងៗច្រាំងទន្លេ បង្កជាការបាក់ស្រុត ហើយក៍អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅ ជិតច្រាំងផងដែរ ពិសេសគឺការបូមខ្សាច់បែបអណាធិបតេយ្យ គ្មានអញ្ញាប័ណ្ណត្រឹមត្រូវពីស្ថាបន័ជំនាញ គ្មានបច្ចេទេសដែលមិនបានសិក្សាពីជំរៅ និងចរន្តទឹកហូររបស់ទន្លេ។

      លោកបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេបាសាក់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខ័ណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជាបូមខ្សាច់លើសម៉ោងកំណត់ បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋានបច្ចេកទេស ត្រូវរាយការណ៍មកអាជ្ញាធរ និងក្រសួងជាបន្ទាន់តាមរយៈលេខទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ឬលេខ ៧២៧ ដើម្បីឱ្យក្រសួងចាត់វិធានការផាពិន័យ ឬអាចឈានទៅដល់ការបិទអាជីវកម្មតែម្ដង ដោយគិតពីទំហំនៃបទល្មើសជាក់ស្ដែង។   

     ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា ការបូមស្តារទន្លេនេះ គឺជាផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ធ្វើឡើងដើម្បីសំរួលចរន្តទឹក និងនាវាចរណ៍  ធ្វើឱ្យទន្លេមានសភាពជ្រៅឡើងវិញ កាត់បន្ថយការបាក់ច្រៀងទន្លេ ហើយម៉្យាងទៀត ខ្សាច់ដែលបានមកពីស្តារនេះ   និងយកទៅសំរាប់កសាងរចនាសម្ពន្ធ័  សាលារៀន ទីស្នាក់ការខេត្ត និងដើម្បីចាក់បំពេញទីតាំងមួយចំនួនក្នុង  ខេត្តកណ្តាល។

     ឯកឧត្តម ក៍បានជំរុញអោយអាជ្ញាធរ ក្រុង ត្រូវណែនាំដល់ឡានដឹកខ្សាច់ ត្រូវដឹកខ្សាច់ដែលស្ងួត និងគ្របអោយជិតត្រឹមត្រូវ  តាមស្តង់ដារ ដឹកកុំអោយដឹកលើសទម្ងន់ បើកបរតាមល្បឿនកំណត់ ត្រូវចូលរួមថែរក្សាបរិស្ថាន ដោយត្រូវលាងសំអាតកងរថយន្តរាល់ពេលដឹក ពិសេសត្រូវលាងសំអាតផ្លូវ អោយបានស្អាតជាប្រចាំ ជៀសវាងកុំឲ្យមានការប្រលាក់ផ្លូវថ្នល់ ការហុយដី ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។