កិច្ចប្រជុំត្រួតពិនិត្យការងារ អនុវត្តផែនការសកម្មភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាលឆ្នាំ២០១៩

បញ្ហាគ្រោះថ្នក់ចរាចរណ៍   បានក្លាយជាបញ្ហាប្រឈមមួយដ៍ធំ របស់រាជរដ្ឋាភិបាលកម្ពុជា  ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ នេះជាការលើកឡើងរបស់ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារ អនុវត្តផែនការសកម្មភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាលឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២៥ ខែកិច្ឆិកា ឆ្នាំ២០១៩ នៅសាលាខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្តាលបន្តថា ស្របពេលដែលកំណើនយានយន្តកំពុងមានការកើនឡើងជាលំដាប់ បញ្ហាគ្រោះថ្នាក់នចរាចរណ៍ បានក្លាយជាបញ្ហាប្រឈមមួយ ដែលជាកង្វល់ដ៏ធំ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយសារតែបញ្ហានេះនៅតែកើតមានជារៀងរាល់ថ្ងៃ    បណ្តាលអោយមានអ្នកស្លាប់ របួស ពិការ និងខូចខាត ទ្រព្យសម្បត្តិរដ្ឋ ឯកជន យ៉ាងច្រើនលើសលប់ ដែលវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចជាតិ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកត្តាបីសំខាន់ៗគឺ ១កត្តាមនុស្ស ២កត្តាផ្លូវ និងទី៣កត្តាយាន្តជំនិះ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ   រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្តីអំពាវនាវមួយ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំ យុទ្ធការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទនៅលើដងផ្លូវ។

គួរបញ្ជាក់ថា  តាមរបាយការណ៍ របស់មន្ទីរសាធារណះការខេត្តកណ្តាល បានអោយដឹងថា ជាក់ស្តែង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ក្នុងទឹកដី   ខេត្តកណ្តាល ចំនួន១៦៩ លើក ថយចុះ ៧លើក បើធៀបធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំ២០១៨ បណ្តាលអោយស្លាប់ ១១៩នាក់ ថយចុះ៤នាក់ របួសធ្ងន់ ១៣៧នាក់ ថយចុះ២៨នាក់   របួសស្រាល ៧២នាក់ ថយចុះ ៥៩នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានចូលរួមជាអធិបតី នាឱកាសនោះ បានណែនាំដល់ថ្នាក់ដឹកនាំ គ្រប់ថ្នាក់គ្រប់ផ្នែក ត្រូវបន្តពង្រឹង    យន្តការ ដឹកនាំក្រុមការងារ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៅថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់  ពិសេស រឹតបន្តឹងការអនុវត្តច្បាប់ តាមផែនការសកម្មភាព និងកម្មវិធីការងារ ដែលបានដាក់ចេញឲ្យបានជាប់ជាប្រចាំ ប្រកបដោយតម្លាភាព ធានាផ្តល់សេវាប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕