ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីត្រូវសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញដើម្បីពន្លឿនក្នុងការវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូន

លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដី ខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ ក្នុងការចង្អុលបង្ហាញ ពីទីតាំងដី ព្រំដី ហើយត្រូវផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្ដល់ឯកសារ​ពាក់ព័ន្ធទាំងឡាយណាដែលក្រុមការងារត្រូវការ ដើម្បីប្រមូលទិន្នន័យទាំងនោះ ឲ្យបានគ្រប់គ្រាន់ តាមទម្រង់ និងនីតិវិធីដែលបានកំណត់ជៀសវាងកុំឲ្យកើតមាននូវកំហុសឆ្គងណាមួយក្នុងការចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ។

      ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចប្រកាសកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលបានធ្វើឡើងនៅក្នុងបរិវេណវត្តសិរីមង្គល ដោយមានការចូលរួមពីប្រជាពលរដ្ឋ៤ភូមិ មានភូមិព្រែកជ្រៅ ភូមិដើមជ្រៃ ភូមិពោធិ៍រលំ ភូមិស្ពានថ្មី  ក្នុងឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាលកាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។      

      លោកបានបន្តថា ការចូលរួមរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ដី ជាមួយមន្ត្រីជំនាញគឺសំខាន់ខ្លាំងណាស់ គឺបានជំរុញឲ្យក្រុមការងារធ្វើការបានឆាប់រហ័សតាមការគ្រោងទុក និងឆាប់បានផ្ដល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធិ) ជូនបងប្អូនប្រជាពលរដ្ឋនៅពេលបញ្ចប់ការងារផងដែរ។

     ក្នុងឱកាសនោះដែរលោក សាន វ៉ាន់ធុល អភិបាលរងស្រុកមុខកំពូល បានបញ្ជាក់ថា ប័ណ្ណកម្មសិទ្ធិដីធ្លីគឺពិតជាមានអត្ថប្រយោជន៍ច្រើនណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ នៅពេលដែលបងប្អូនមានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ធ្វើឲ្យដីធ្លីរបស់ប្អូនមានតម្លៃថ្លៃ ងាយស្រួលក្នុងការទិញលក់ អាចដាក់បញ្ចាំនៅតាមធានាគារបានងាយស្រួល ពិសេសធ្វើឲ្យកាត់បន្ថយនូវទំនាស់ព្រំដី។

     លោកបានបញ្ជាក់បន្តថា ពេលនេះគឺជាឱកាសមួយដែលបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់បំផុតជាមួយអាជ្ញាធរ និងក្រុមការងារមន្ត្រីជំនាញ ដើម្បីពន្លឿនក្នុងការវាស់វែងប្រមូលទិន្នន័យ ដើម្បីចេញប័ណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានឆាប់រហ័ស ដូច្នេះបងប្អូនត្រូវចូលរួមផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋផ្សេងទៀតឱ្យបានយល់ដឹង ត្រូវសហការ សម្របសម្រួលដល់អាជ្ញាធរ និងមន្ត្រីជំនាញ ចំពោះម្ចាស់ដីត្រូវនិយាយគ្នាឱ្យដាច់ស្រេច ជាមួយនឹងព្រំដីរបស់អ្នកជិតខាង ត្រូវបោះបង្គោលឲ្យបានច្បាស់លាស់ ត្រូវចង្អុលបង្ហាញទីតាំងដីដោយផ្ទាល់ជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័ស ព្រោះក្រុមការងារនឹងចាប់ផ្ដើមធ្វើការវាស់វែងនៅ សប្តាហ៍ក្រោយនេះហើយ។