ពិធីបើកការរដ្ឋានសាងសង់ផ្លូវបេតុង នៅឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​បឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ទទួលបាន​សមិទ្ធផល​ជាផ្លូវ​បេតុង​ ប្រវែង​១២២៥ម៉ែត្រ​ ពី​រដ្ឋបាល​ខេត្តកណ្តាល​។

ព្រឹក​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ឯកឧត្ដម​ ម៉ៅ​ ភិរុណ​ អភិបាល​ខេត្តកណ្តាល​ អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើកការដ្ឋានសាងសងផ្លូវបេតុងប្រវែង ១២២៥ម៉ែត្រ និងដាក់លូមុខកាត់ ០.៦០ម៉ែត្រ ប្រវែង ០៥ម៉ែត្រ ស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្ដាល ខេត្តកណ្ដាល​ ពិធីនេះមានការអញ្ជើញចូលរួម​ប្រជាពលរដ្ឋ​​ជាង​១ពាន់​នាក់​។

មាន​ប្រសាសន៍​ក្នុង​ពិធី​បើកការរដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ ឯកឧត្ដម​អភិបាលខេត្ត​ មានប្រសាសន៍​ថា​ ផ្លូវ​បេតុង​ដែល​និងត្រូវ​សាងសង់​នៅពេលនេះ​ គឺពិតជា​មាន​សារៈសំខាន់​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ឃុំ​បឹងខ្យាង​ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​កណ្តាលស្ទឹង​​ផងដែរ​ ព្រោះនៅពេលផ្លូវ​បេតុង​នេះ​សាងសង់​រួច​ អាច​សម្រួល​ដល់​ការ​ធ្វើដំណើរ​ ទៅវិញទៅមក​ ហើយពិសេស​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹក​កសិផល​ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ឃុំ​​ទៅកាន់​ទីផ្សារ​ផងដែរ។ ឯកឧត្ដមក៏​បាន​សន្យា​បន្ត​ផ្ដល់​ផ្លូវ​បេតុង​បន្ថែម​ទៀត​ នៅឃុំបឹងខ្យាង​ និង​ស្រុក​កណ្តាលស្ទឹង​នៅ​ឆ្នាំ​ក្រោយ​ៗទៀត។

ឯកឧត្ដម​បន្ត​ថា សមិទ្ធផល​ផ្លូវ​បេតុង​នេះ​ គឺ​បាន​មកដោយ​សារប្រទេស​ មាន​សុខសន្តិភាព​ ស្ថេរភាព​ ពេញ​លេញ​ទូទាំង​ប្រទេស​ ហើយ​កត្តា​សន្តិភាព​នេះ​ហើយ​ ដែល​បានធ្វើអោយ​ប្រទេស​មានការ​អភិវឌ្ឍ​ នៅគ្រប់​កន្លែង​ និង​គ្រប់វិស័យ។ ឯកឧត្តម​ក៏បាន​ ស្នើ​ដល់​អាជ្ញាធរ​ស្រុក​ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា ដើម្បីអោយប្រទេសរបស់យើង មានបន្តអភិវឌ្ឍន៍ និងរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះ និងរស់នៅអមផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវឲ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ហើយការធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងដោយយថាហេតុណាមួយ និង   វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋបាលខេត្តកណ្តាលសម្រេចបាន ដែលកើតចេញពីការរួបរួមសាមគ្គីគ្នា រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការទូទាំងខេត្ត ពិសេសការចូលរួម និងសហការបានល្អរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តមបានផ្តាំផ្ញើដល់ក្រុមហ៊ុន ដែលទទួកការសាងសង់ត្រូវធានាឲ្យបានតាមបទដ្ឋានបច្ចេកទេស ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឲ្យបានហ្មត់ចត់បំផុត។