មន្រ្តីកាំកុងត្រូលខេត្តកណ្ដាល បានដកហូត និងដុតកម្ទេចចោល បន្ទាប់ពីបានរកឃើញទំនិញ ខូចគុណភាព ដាក់លក់នៅផ្សាររកាកោង

 

      ដើម្បីចូលរួមទប់ស្កាត់ រាល់មុខទំនិញ និងម្ហូបអាហារ ដែលដាក់លក់ខូចគុណភាព និងហួសកាលបរិច្ឆេទនៅលើទីផ្សារដែលជាុមូលហេតុធ្វើឲ្យប៉ះពាលដល់សុខភាពប្រជាពលរដ្ឋ មន្រ្ដីកាំកុងត្រូលសាខាខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានសហការជាមួយ និងអាជ្ញាធរមូលដ្ឋាន បានធ្វើការចុះត្រួតពិនិត្យទំនិញនៅផ្សាររកាកោង ស្រុកមុខកំពូល ជាលទ្ធផលបានរកឃើញផលិតផលមួយចំនួន ហួសកាលបរិច្ឆេទ និងខូចគុណភាព ។

      លោក អ៊ូ ម៉ានរិន ប្រធានសាខាកាំកុងត្រូលខេត្តកណ្តាល បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការចុះពិនិត្យទំនិញ នៅផ្សាររការកោងខាងលើនេះ ក្រុមការងារបានរកឃើញទំនិញ ហួសកាលបរិច្ឆេទ និងខូចគុណភាពដូចជា ៖ ១-ប្រហិតសាច់មាន់ និងhot dog ចំនួន៦កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់ ២-ទឹកក្រូច coca cola ដបជ័រចំណុះ៣៥០ml ចំនួន១២ដប  ភេសជ្ជៈសាំម៉ូរៃ (sumurai) ដបជ័រចំណុះ៣៥០ml ចំនួន១២ដប និងភេសជ្ជៈ M150 ចំនួន២កេស ស្មើនិង៤៨ កំប៉ុង បានខូចគុណភាព និងផុតកាលបរិច្ឆេទប្រើប្រាស់ ៣-ប៊័រចំនួន ៣១កំប៉ុងតូច ហួសកាលបរិច្ឆេទប្រើប្រាស់ ។   

       លោកប្រធានសាខាកាំកុងត្រូលខេត្តបានឲ្យដឹងទៀតថា ក្រោយពីរកឃើញទំនិញខូចគុណភាពទាំងអស់នោះ ក្រុមការងារបានធ្វើកំណត់ហេតុ ដកហូត  ដើម្បីធ្វើការដុតកម្ទេចចោល។        

       ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានធ្វើការអប់រំណែនាំដល់ អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ការប្រើប្រាស់ និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

       ក្រុមការងារមន្រ្តីកាំកុងត្រូល ក៏បានអំពាវនាវដល់អាជីវករ អ្នកលក់ដូរ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងត្រូវយកចិត្តទុកដាក់ ឱ្យបានហ្មត់ចត់ មុននឹងធ្វើចរាចរ ចែកចាយលក់ដូរ ទំនិញ និងម្ហូបអាហារទទួលទាន គឺចាំបាច់ត្រូវរកទំនិញណាដែលមានសុវត្ថិភាព និងគុណភាព ដែលមិនប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ ដោយមុននិងទិញ ឬចែកចាយបន្តត្រូវពិនិត្យមើលការបរិច្ឆេទឲ្យបានច្បាស់លាស់ ពិសេសទំនិញត្រូវមានប្រភពច្បាស់លាស់ផងដែរ៕