ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យក្បាលដី មានលក្ខណៈជាប្រព័ន្ធ ចំនួន២នៅភូមិ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល

 

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវឱ្យ  ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នៅភូមិសំប៉ានក្រោម និងភូមិព្រែកតាទាវ ឃុំព្រែកអមបិល ស្រុកស្អាង ខេត្តកណ្ដាល អញ្ជើញមកពិនិត្យឈ្មោះ និងផ្ទៀងផ្ទាត់ទិន្នន័យ​ក្បាល​ដី អោយបានត្រឹមត្រូវ ក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភះ ដល់ថ្ងៃទី១២ ខែ  មីនា ឆ្នាំ២០២០។

 

លោក ព្រំ ឆាត អនុប្រធានរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្ត​កណ្តាល អំពាវនាវបែបក្នុងពិធីបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដី​មាន​លក្ខណៈជាប្រព័ន្ធ នៅឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី២៧ ខែ កុម្ភះ  ឆ្នាំ២០២០ នៅក្នុងវត្តព្រែកអំបិល។

 

លោកអនុប្រធានមន្ទីរ បន្តថា ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ដែលមានដី នៅភូមិទាំង២ ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី អោយ​បាន​ត្រឹមត្រូវ ហើយក្នុងករណីមាន ខុសឈ្មោះ អក្ខរាវិរុទ្ធ ទំហំដី ឬព្រំដី ប្រជាពលរដ្ឋ និង​អ្នក​ពាក់ព័ន្ធ​ទាំងឡាយ អាចធ្វើការជំទាស់តវ៉ា លើទិន្នន័យដែលបានបិទផ្សាយ។ ហើយការ​ជំទាស់​តវ៉ាមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃបិទផ្សាយនេះ រហូតដល់ថ្ងៃទី១២ ខែ មិនា  ឆ្នាំ២០២០ ដោយក្នុងរយៈពេល១៥ថ្ងៃ គណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី នឹងនៅ​ប្រចាំការ​រៀងរាល់ថ្ងៃ ទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរងចាំពន្យល់​ទិន្នន័យ​ទាំង​ឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ។ បន្ទាប់ពីបិទផ្សាយ​រយៈ​ពេល១៥​ថ្ងៃរួចមក យើងនឹងទទួបានទិន្នន័យត្រឹមត្រូវ សម្រាប់ចេញវិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ(ប្លង់រឹង) ជូនប្រជាពលរដ្ឋ ដែលជាការរួមចំណែកកាត់បន្ថយជំលោះដីធ្លី កាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។

 

លោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានលើកឡើងថា ការបិទផ្សាយនូវ​ការ​វិនិច្ឆ័យ​នៅពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់​បន្ថយ​ភាពក្រីក្រ ព្រមទាំងរួមចាំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។

 

លោកបន្តថា ក្នុងការអនុវត្តនីតិវិធី នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ យើងបាន​ប្រើប្រាស់​នូវបច្ចេកទេសខ្ពស់ រួមមាន រូបថតពីលើអាកាស ការវាស់វែង​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ ព្រមទាំងការផ្ទុកទិន្នន័យ និងការគូសប្លង់សុរិយោដីដោយកុំព្យូទ័រ។

 

សូមបញ្ជាក់ថា ទូទាំងនៅភូមិសំប៉ានក្រោម ភូមិព្រែកតាទាវ ស្រុកស្អាង ខេត្តកណ្ដាល មានក្បាលដីចំនួន១៦៣០ក្បាលដី  ដែលត្រូវបានបិទផ្សាយជាសាធរណៈ ក្នុងនោះភូមិ​សំ​ប៉ាន​ក្រោម ៧៩៧ក្បាលដី ភូមិព្រែកតាទាវ ៨៣៣ក្បាលដី៕