ពិធីសម្ពោធដាក់ឲ្យប្រើបា្រស់អាគារសិក្សាវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹងខេកត្កណ្ដាល

ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូល​ដ្ឋាន​ស្រុកកណ្ដាលស្ទឹង បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព  និងរួមគ្នា​ថែ​រក្សានូវសមិទ្ធិផលនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស​សម្រាប់​ទុកដល់​កូន​ចៅ​ជំនាន់​ក្រោយៗទៀត។

          ការអំពាវនាវនេះធ្វើឡើងនៅក្នុងពិធី សម្ពោធអគារសិក្សាវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្ថិតនៅក្នុងឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០។

          ឯកឧត្តមបានបន្តថា អគារសិក្សាដែល សម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជា​សមិទ្ធផល​ថ្មី​មួយ​​បន្ថែមទៀត ក្នុងចំណោមសមិទ្ធផលនានាជាច្រើន របស់ស្រុកកណ្ដាលស្ទឹង ហើយអ​គា​សិក្សា​នេះ​ពិត​ជាមានសារៈសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍ​​លើវិស័យអប់រំនៅកម្ពុជា និងធានាបាន​នូវការ​អប់រំ​ប្រកបដោយគុណភាព ស្របពេលដែលរាជរដ្ឋាភិបាលចាត់ទុក្ខជាវិស័យអប់រំ ជាវិស័យអាទិភាព ដោយ​បានធ្វើកំណែទម្រង់ ស៊ីជម្រៅ លើវិស័យអប់រំ  ដើម្បីបង្កើន​ចំណេះដឹង​នៅមូលដ្ឋាន​ឲ្យកាន់​តែ​មាន​គុណភាព។

          ឯកឧត្តម ក៏បានសំណូមពរឲ្យក្មួយៗសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី និងជាអ្នកបន្ត​វេណ ទៅថ្ងៃអនាគត គប្បីខិតខំសិក្សា រៀនសូត្រ មានវិន័យសីលធម៌ល្អ និងចូលរួម​ថែរក្សាការពារ​សមិទ្ធផល​ថ្មីនេះឲ្យបានយូរអង្វែង ដោយត្រូវចេះសំអាតអនាម័យ ធ្វើឲ្យមានសោភ័ណភាពផងដែរ។

          ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​បញ្ជាក់​​ថា អាគារសិក្សាថ្មីដែលសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃនេះ គឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែល​បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ​គ្រប់​លំដាប់​​ថ្នាក់ចំពោះគុណភាពនៃសេវាអប់រំ។

          ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តកណ្ដាល រួមជាមួយនឹងមន្ទីរអប់រំយុវជន និងកីឡាខេត្ត បាននិ​ង​កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ការប្រលងសញ្ញាប័ត្រគ្រប់កម្រិត ជា​ពិសេសសិស្ស​ប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប តាមរយៈការបង្កើតឲ្យមានថ្នាក់បំប៉នបន្ថែម ការជួប​សំណេះ​សំណាលលើកទឹកចិត្តជាមួយ លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស មុននិងក្រោយពេលប្រឡង និង​មានការផ្ដល់រង្វាន់លើកទឹកចិត្ត ចំពោះសិស្សទទួលបានជ័យលាភី ព្រមទាំងការលួង​ចិត្ត​ចំពោះ​សិស្ស​​ដែលប្រឡងមិនជាប់ផងដែរ។ ឯកឧត្តមបានឲ្យដឹងថា នៅទូទាំងខេត្តកណ្ដាល​មានសិស្សប្រលង​ជាប់​សញ្ញាបត្របាក់ឌុបរហូតដល់ ៧៣.៨០% បើប្រៀបធៀបនឹងឆ្នាំសិក្សា ២០១៧-២០១៨ គឺមានការ​កើន​ឡើងចំនួន ០.១៥%។

          តាមរបាយការណ៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថា អគារ​សិក្សា​មួយខ្នងដែលបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ មានកម្ពស់ ២ជាន់ មាន ១០បន្ទប់ មាន​ទទឹង ៩ម៉ែត្រ និងបណ្ដោយ ៤៦ម៉ែត្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន។ លោកបានបញ្ជាក់បន្ថែមថាក្នុងឆ្នាំ ២០២០ នេះ នៅទូទាំងស្រុកកណ្តាលស្ទឹង មានសាលារៀនគ្រប់កំរិតចំនួន ៦៨កន្លែងស្មើនឹង ៥៤៨ ថ្នាក់ មាន​អគារ​សិក្សា​សរុប ១៥០ខ្នង ក្នុងនោះសាលាមត្តេយ្យមាន ១៧កន្លែង សាលាបឋមសិក្សា ៣២ កន្លែង អនុវិទ្យាល័យ ១៦កន្លែង វិទ្យាល័យ ៣ កន្លែង អគារសិក្សារបស់សម្ដេចតេជោ ហ៊ុន សែន មាន ៤០ ខ្នងស្មើនឹង ២១០ បន្ទប់នឹងមានសិស្សសរុបចំនួន ២០២៩២នាក់ ស្រី ១០១៣៥នាក់ និង​មាន​គ្រូ​សរុប​ចំនួន ៧៦៩នាក់ ស្រី ៤១៣នាក់។