ខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល បានរៀបចំពិធី អបអរសាទរ ខួប​អនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមាន​ការលើកកម្ពស់សមភាពយេនឌ័រ” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធាន​ក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។ ដែលពីធីនេះមានការអញ្ជើញ​ចូលរួម ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំខេត្ត ស្ត្រីជាមន្តី្ររាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត ប្រមាណជិត២០០០នាក់។

        ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអានព្រះរាជសារលិខិតទាំងស្រុង របស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល។

        មានប្រសាសន៍ក្នុងពីធី ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍​ថា ខួបលើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២០នេះ ក្រោមប្រធានបទ “ មានសន្តិភាព មាន​ការលើកកម្ពស់សមភាពយេនឌ័រ “ ក្នុងគោលបំណង​បន្តរំលេច​ពីតម្លៃដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និង “ អរគុណសន្តិភាព” ដែលបាន​​ប្រែក្លាយប្រទេស​កម្ពុជា​​ពីគំនរផេះផង់ បែកបាក់ជាតិ និងបែកបាក់ទឹកដី ទៅជាទឹកដីប្រកបដោយសន្តិភាព​​​ ស្ថិរភាព សុវត្ថិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍ខ្លាំងក្លាលើគ្រប់វិស័យ ព្រមទាំងចូលរួមដោយ​​ស្មើភាព និងស្មើ​សិទ្ធិ​ជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។

ឯកឧត្ដមបានអំពាវនាវ មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ សូមបន្ត ចូលរួមការពារ និងថែរក្សា សន្តិភាព ស្ថេរភាព សុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម និងសមិទ្ធផលដ៏ធំធេងរបស់​រាជរដ្ឋាភិបាល​​កម្ពុជា ឲ្យបានគង់វង្ស។​​ សន្តិភាពជាមូលដ្ឋានគ្រឹះ នៃការធានាបាននូវសមភាពយេនឌ័រ និងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បង្កើនការចូលរួមរបស់ស្ត្រីក្នុងការធ្វើសេចក្តីសម្រេចទាំងក្នុងវិស័យសាធារណៈ និងនយោ​បាយ​ព្រមទាំង​ចូលរួមបន្តជំរុញការកែប្រែឥរិយាបថរបស់សង្គមដែលនៅមានការរើសអើង​​ចំពោះស្ត្រី តាមរយៈ​ការផ្តល់​ការគាំទ្រ ការលើកទឹកចិត្ត ការផ្តល់ឱកាស ឲ្យស្ត្រីបានចូលរួមគ្រប់ដណើរការនៃ​កិច្ចអភិវឌ្ឍន៍សង្គម​ប្រកបដោយស្មើភាពជាមួយបុរសដោយចាត់ទុកស្រ្តីជាដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គម “ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច” “ជួយស្ត្រី គឺជួយខ្លួនឯង”។​ ហើយស្ត្រីខ្លួនឯង ត្រូវខិតខំបង្កើននូវចំណេះដឹង ជំនាញ និងសមត្ថភាពព្រមទាំងរក្សាឲ្យបានប្រពៃ​នូវ​សីលធម៌​​សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរដើម្បីធានាបាននូវការលើកកម្ពស់ សក្តានុពលរបស់ស្ត្រីក្នុងសង្គមជាតិ។

គណៈអធិបតីបានឧបត្ថម្ភ ដល់ស្ដ្រីជាមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​ បណ្ដាមន្ទីរអង្គភាពនានាជុំវិញខេត្ត ចំនួន១៧៨៦ ក្នុងម្នាក់ថវិកា១០ម៉ឺនរៀល និងសារ៉ិងសូត្រមួយផងដែរ។