ក្រុមហ៊ុន(ហៃយ៉ាស៊ីដា) ប្រគល់ជីសរីរាង្គ ចំនួន៥៦តោន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល

កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន(ហៃយ៉ាស៊ីដា) ប្រគល់ជីសរីរាង្គ ចំនួន៥៦តោន ជូនដល់សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកណ្ដាល ដែលពិធីនេះប្រព្រឹត្ត​ទៅ​ក្រោម​អធិ​បតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិកាសាខា​កាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

លោក NABESHIMA KATSUHITO​ ប្រធានក្រុមហ៊ុន(ហៃយ៉ាស៊ីដា) បានអោយដឹងថា ដោយសាររកត្តាសន្តិភាព ស្ថេរភាព ព្រមទាំងសេដ្ឋកិច្ចកម្ពុជាកំពុងរីកចំរើនលូតលាស់ទៅមុខ ទើបក្រុមហ៊ុនរបស់លោក បានមកដាក់ទុនវិនិយោគិកម្មនៅកម្ពុជា ពិសេសត្រង់​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការរីកចំរើនលើវិស័យកសិកម្ម ពិសេសផ្ដោត​សំខាន់​លើបច្ចេកទេសដាំដុះដល់កសិករខ្មែរយើង ឲ្យយល់ពីតម្លៃ និង សារៈប្រយោជន៍​នៃ​ការ​​ប្រើប្រាស់ជីសរីរាង្គលើដំណាំ ដើម្បីគុណភាពកសិផល ពិសេសធ្វើឲ្យដី គុណភាពដី នៅរក្សា​បានដដែល។

លោកនាយកក្រុមហ៊ុនក៏បានបន្តទៀតថា ដោយសារក្រុមហ៊ុន(ហៃយ៉ាស៊ីដា) ជាក្រុម​ហ៊ុន​ក្នុង​ស្រុក​ស្រាប់ដូច្នេះហើយ យើងបានពង្រីកទុនវិនិយោគរបស់ខ្លួនឯងទាំងការដាំ ការ​ប្រមូល​ទិញ​ឫការកែឆ្នៃ ហើយនឹងផ្គត់ផ្គង់នៅ​ក្នុងស្រុកខ្លះក៏ដួច​ជានាំចេញទៅប្រទេសជប៉ុន។ ហើយបើប្រៀបធៀបពីវិសាលភាពនៃការផលិតបន្លែរយៈពេលខ្លីគឺមានតែខេត្តកណ្តាលទេនាំមុខគេ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទ​ក្រហមកម្ពុជាខេត្តកណ្តាល ក៏បានថ្លែងអំណរគុណ និងសំដែងនូវក្តីសោមន្សរីករាយ​យ៉ាងក្រៃ​លែង​នូវទឹកចិត្តសប្បុរសធម៌ មនុស្សធម៌របស់ក្រុមហ៊ុន(ហៃយ៉ាស៊ីដា)ដែលបាន​ផ្តល់​នូវ​អំណោយ​មនុស្សធម៌នៅពេលនេះ ហើយសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងនាំយក​អំណោយ​ទាំងអស់នេះទៅចែកជូនប្រជាពលរដ្ឋក្រីក្រក្នុងសហគមន៏ សម្រាប់អោយពួក​គាត់​យក​ទៅ​ប្រើប្រាស់ក្នុងការងារកសិកម្ម ដើម្បីជាប្រយោជន៏ក្នុងការជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ពួកគាត់។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តនៅតែបន្តគាំទ្រដល់ក្រុមហ៊ុន​វិនិយោគ (ហៃយ៉ាស៊ីដា)​ ជាពិសេសក្រុមហ៊ុនជាតិ អន្តជាតិ ដែលមានបំណងវិនិយោគ​នៅ​ខេត្ត​កណ្ដាល ហើយរដ្ឋបាលខេត្ត និងជួយសម្របសម្រួល ផ្ដល់ភាពងាយស្រួល​ដល់ការ​បណ្ដាក់​ទុនរកស៊ី ពិសេសលើកទឹកចិត្តនិងជួយជ្រោមជ្រែងដល់ការវិនិយោគ របស់វិនិ​យោគិន​ទាំងអស់ ឲ្យមានការរីកចំរើនទាំងអស់គ្នា ។