ពិធីប្រកាសតែងតាំងអភិបាលស្រុកល្វាឯម

លោក កន សុខកាយ អភិបាលរងស្រុ​ក​ល្វា​ឯ​ម ត្រូវបាន​ប្រកាសតែងតាំងជា ​អភិបាល​ស្រុក ល្វាឯម ជំនួសលោក ភឹម ភីរ៉ា ដែលត្រូវផ្លាស់ប្ដូរទៅ កាន់មុខតំណែងជាអភិបាលរង ខេត្តក្រចេះ ការប្រកាសតែងតាំងនេះធ្វើឡើង នៅរសៀល​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមគង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលខេត្តកណ្ដាល និងឯកឧត្តម អ៊ុំ សីហា អនុប្រធានទី២ ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកល្វាឯម ។

បន្ទាប់ពីលោក កន សុខកាយ ដែលទើបបានទទួលការតែងតាំងជាអភិបាលស្រុកល្វា​ឯមឡើងធ្វើការប្តេជ្ញាចិត្តរួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជាក់​ថា៖សម្រាប់ឆ្នាំ២០២០ នេះ គឺដំណាក់កាលយ៉ាងសំខាន់នៅក្នុងការធ្វើកំណែទម្រង់លើរចនាសម្ព័ន្ធ តួនាទី ភារកិច្ច ទំនាក់ទំនងការងារនៅថ្នាក់ក្រោមជាតិ ជាពិសេសនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលក្នុងនោះអនុក្រឹត្យចំនួន០៤ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់​គ្រង​រដ្ឋបាល ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាននៅថ្នាក់ក្រុង ស្រុក ខណ្ឌ រួមមានអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង, អនុក្រឹត្យលេខ១៨៣ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនៃរាជធានីភ្នំពេញ, អនុក្រឹត្យលេខ១៨៤ អនក្រ.បក ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ​ និងរចនាសម្ព័ន្ធរដ្ឋបាលស្រុក និងអនុក្រឹត្យលេខ១៩៣ អនក្រ.បក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត។

ឯកឧត្តមអភិបាលខេត្តកណ្តាលបានបន្តទៀតថា៖ដោយពិនិត្យទៅលើលក្ខណៈសម្បត្តិ ចំណេះ​ដឹង បទពិសោធន៍ និងអតីតភាពការងារកន្លងមកទើបរដ្ឋបាល​ខេត្ត បានលើកសំណើទៅ​ក្រសួង​មហាផ្ទៃ ហើយក្រសួងមហាផ្ទៃលើកសំណើបន្តជូនរាជរដ្ឋាភិបាល ដើម្បីស្នើសុំតែងតាំងលោក កន សុខកាយជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម។ផ្អែកលើសំណើរបស់ខេត្ត និងក្រសួងមហាផ្ទៃ​រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការ​ដឹកនាំប្រកបដោយគតិ​បណ្ឌិតរបស់​សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ​បានសម្រេចតែងតាំង លោក កន សុខកាយ អភិបាលរងនៃគណៈអភិបាល​ស្រុកល្វាឯម ឲ្យចូលកាន់តំណែងជា​អភិបាលស្រុកល្វាឯម​ជំនួសលោក ភឹម ភីរ៉ាតាមរយៈ​អនុក្រឹត្យលេខ២៥២ អនក្រ.តត ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

         ឯកឧត្តម គង់ សោភ័ណ្ឌ អ​​ភិបាលខេត្តក៏បា​ន​ផ្តាំផ្ញើរដល់លោកអភិបាលស្រុកថ្មី ត្រូវបន្តពង្រឹងនូវរបបប្រជុំ ឲ្យបានទៀងទាត់ ជាពិសេសគឺកិច្ចប្រជុំគណៈអភិបាល និងកិច្ចប្រជុំ  គណៈ​បញ្ជា​ការឯកភាព ដើម្បីធ្វើត្រួតពិនិត្យ តាមដាន និងធ្វើការដោះ​ស្រាយបញ្ហា​ទាន់ពេល​វេលា។​បន្តរឹតបន្តឹងបញ្ហា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​លុប​បំបាត់ឲ្យ​បានជាអតិបរ​មា​នូវបទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសងបទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឲ្យបានម៉ឺងម៉ាត់ នូ​វគោលនយោបាយ​ភូមិឃុំមានសុវត្ថិភាព។