កិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅរដ្ឋបាលស្រុកលើកដែក

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អំពាវនាវឱ្យមន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក្នុងការ​ការពារ​នឹងជំងឺកូវីដ-១៩បន្តទៀត ដើម្បីបញ្ចៀសឱ្យបាននូវការឆ្លងរាតត្បាត់នៃជំងឺនេះ ដោយ​ឱ្យ​ពួក​គាត់​អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តថែរក្សាការពារអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងសាប៊ូ ឬអាល់កុល ឬជែល អោយត្រឹម។

 ឯកឧត្តមអភិបាលខេត្ត អំពាវនាវបែបនេះក្នុង កិច្ចប្រជុំបូកសរុបលទ្ធផល​ការអនុវត្ត​ការងារ និងផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋបាលស្រុកលើកដែក នៅ​ព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកលើកដែក។

            ឯកឧត្ដមបន្តថា បើទោះបីជាក្នុងរយៈពេលចុងក្រោយនេះ មិនមានកំណើនប្រជាពលរដ្ឋ​ក្នុង​ការឆ្លង​ជំងឺកូវីដ១៩នេះនៅកក្នុងខេត្តកណ្ដាល និងទូទាំងប្រទេសក្ដី តែយើងមិនត្រូវមាន​ការ​ធ្វេស​ប្រហែសឡើយ ដូច្នេះយើងត្រូវតែបន្តផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ ក្នុងការ​អនាម័យ​ខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

           ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរត្រូវកែប្រែឥរិយាបថ ពីអ្នក​ត្រួតត្រាទៅជាអ្នកផ្ដល់សេវាប្រកបដោយប្រសិទ្ធភាព តម្លាភាព  និងភាពឆ្លើយតប ដោយ​ប្រកាន់ភ្ជាប់នូវឥរិយាបថទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទះម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដោយរួមសាមគ្គីភាព សហការគ្នាយ៉ាង​សកម្មក្នុង​ការផ្ដល់​សេវាសា​ធាណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការកសាង និងអភិវឌ្ឍ​ខេត្ត​ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និង​ការ​​កាត់បន្ថយភាពក្រីក្រក្នុងខេត្ត។ ពិសេសត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត នូវគោល​នយោបាយ​ភូមិឃុំ មានសុវត្ថិភាព ត្រូវធ្វើយ៉ាងណាខិតខំរួមគ្នា លប់បំបាត់ឱ្យបាននូវ បញ្ហា​គ្រឿង​ញៀន ល្បែងស៊ីសង ចោរកម្មគ្រប់​ប្រភេទក្នុង​មូលដ្ឋានដើម្បីធានាឲ្យបាននូវភាព​សុខ​សាន្ត​​ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋ។

           ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានចែកម៉ាស ចំនួន ៩០ប្រអប់  សារុងចំនួន ១៣៧ និងថវិកាជូនដល់អ្នកចូលរួមទាំង ១៣៧ នាក់ ដោយក្នុងម្នាក់ ទទួលបាន ថវិកា ៥ ម៉ឺនរៀល ផងដែរ។