ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ រលំផ្ទះនិងរបើកដំបូលចំនួន២១គ្រួសារ នៅស្រុកល្វាឯម ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល។

ខេត្តកណ្តាល៖រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន ចាត់ឲ្យលោក ទៀង សុគន្ធ នាយកសាខា ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ២១គ្រួសារ ស្ថិតនៅក្នុង ឃុំល្វាសរ និងឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

មានមតិសំណេះសំណាល លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មធិការសាខា បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក ។ ជាមួយគ្នានេះលោកនាយកបានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្តេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់សុខទុក្ខប្រជាពលរដ្ឋ ទូទៅ ទោះបីស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ ហើយការចុះជួយសង្គ្រោះទៀតសោត គឺធ្វើឡើងដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកនាយកក៏បានលើកទឹកចិត្តដល់គ្រួសាររងគ្រោះសូមកុំអស់សង្ឃឹម ត្រូវមានសាមគ្គី ភាព ក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរក ប្រាក់ចំណូល តាមជំនាញ រៀងៗខ្លួន ដើម្បីធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើរឡើង ។

ឆ្លៀតក្នុងឱកាសនោះ លោកបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួម អនុវត្ត ទាំងអស់គ្នាក្នុងការទប់ស្កាត់ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយប្រកាន់ ឲ្យបានខ្ជាប់ខ្ជួននូវអនាម័យ៣គឺ៖ ហូបស្អាត ផឹកស្អាត និងការរស់នៅស្អាត ពិសេសត្រូវលាង សម្អាត ដៃដោយសាប៊ូ ឬទឹកអាល់កុល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលយើងចេញទៅក្រៅផ្ទះ ឬទៅ ប្រាស្រ័យទាក់ទងជាមួយមហាជននានា។អំណោយជាគ្រឿងឧបភោគបរិភោគ ដែលសាខាបាន ផ្ដល់ ជូនប្រជាពលរដ្ឋរងគ្រោះទាំង ២១គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបាន ៖ អង្ករ ២០គីឡូក្រាម ,មី ១កេស , ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអីវ ១យួរ ,អាវយឺត ៥ ,ម៉ាស់ ១០បន្ទះ ,ទឹកអាល់កុល ១ដប ,សាប៊ូម្សៅ ២កញ្ចប់ ,ឆៃប៉ូវ ១គីឡូក្រាម និងខ្ទឹមស ចំនួន ០,៥ គីឡូក្រាម ។