ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៤៩៣គ្រួសារ នៅស្រុកមុខកំពូល បានទទួលអំណោយពី កាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល៖ ជាការឆ្លើយតបចំពោះទុក្ខលំបាក និងជួយសម្រួលកម្រិតជីវភាក​របស់​ប្រជា​ពលរដ្ឋ ដែល​បានរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅថ្មីនេះ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ​២០២០ លោកជំទាវ ហួន ចាន់បូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនងកាកបាទក្រហមកម្ពុជា បានដឹក​នាំប្រតិភូ​កាក​​​បាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមលោក គួយ ប៊ុនធឿន អនុប្រធានគណៈ​កម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ អភិបាលខេត្តកណ្តាល និងជា​ប្រធានសាខាកាកបាតក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក បានចុះសំណេះសំណាល សាកសួរសុខទុក្ខ និង​នាំយកអំណោយមនុស្សធម៏ មកចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៤៩៣​គ្រួសារ  ស្ថិតឃុំចំនួន ៤ ក្នុងស្រុកមុខកំពូល មានឃុំរកាកោងទី១ ឃុំឬស្សីជ្រោយ ឃុំស្វាយអំពារ និងឃុំព្រែក​ដំបង។ 

     មានប្រសាសន៍សំណេះសំណាលលោកជំទាវ ហួន ចាន់បូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទ​ក្រហមកម្ពុជា បានមានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែប​​ណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់​បងប្អូនជានិច្ចក្នុងគ្រាលំបាកនានាពោលគឺទីណាមានការ​លំបាក ទីនោះមានកាកក្រហមកម្ពុជាហើយការជួយ​​​​​គឺធ្វើឡើងដោយ មិនប្រកាន់បក្សពួក​​ និន្នាការនយោបាយ និងសាសនាអ្វីឡើយ ។

    ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានលើកទឹកចិត្តដល់គ្រួសារងគ្រោះ សូមកុំអស់សង្ឃឹម ត្រូវមាន​សាមគ្គី​ភាពក្នុងគ្រួសារ ត្រូវពង្រឹងជីវភាពបន្ថែមទៀត ដោយខិតខំធ្វើការរកប្រាក់ចំណូលតាមជំនាញរៀងៗខ្លួន ដើម្បី​ធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើឡើងវិញ។

        ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបានធ្វើការអំពាវនាវដល់គ្រួសាររង់គ្រោះទាំងអស់ សូមរក្សា​អនា​ម័យ​​​​ខ្លួនប្រាណជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់​ការរីករាល​ដាលជំងឺ​កូវីដ១៩ និងសូមមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ក្នុងការធ្វើដំណើរតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់​ចរាចរណ៍ផ្លូវ​គោកដែលទើបតែដាក់ចេញនូវច្បាប់ថ្មី ជៀសវាងមានការផាកពិន័យធ្ងន់ធ្ងរ ត្រូវ ពាក់មួកសុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ មានឯកសារគ្រប់គ្រាន់  កុំបើកបរ ហួសល្បឿនកំណត់ កុំបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និង​សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹង ដែលជាហេតុនាំឱ្យមានអំពើហិង្សា និងមហន្តរាយ​ផ្សេង​ៗ​ដល់ក្រុមគ្រួសារ និងសង្គមជាតិ។

    សូមជំរាបដែរថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះនីមួយៗ គឺក្នុងមួយគ្រួសារ​ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ម៉ាស១០សន្លឹក ឃីត១កញ្ចប់ និងថវិកា ០៥ម៉ឺនរៀល សម្រាប់គ្រួសាររងគ្រោះរបើកដំបូលដោយអន្លើ ទទួលបានថវិកា១០ម៉ឺនរៀល របើកដំបូលធ្ងន់ធ្ងរ និងរលំ​ទាំង​ស្រុង ទទួលបានថវិកា៤០ម៉ឺនរៀល និងកៅស៊ូតង់ ១។