ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលផ្ទុះរីករាល នៃជំងឺកូវីដ១៩ ចំនួន ៣ឃុំ ក្នុងស្រុកខ្សាច់កណ្ដាល បានទទួលអំណោយពីកាកបាទក្រហមកម្ពុជា

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃ​គណៈ​​អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល បាន​អញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាក​បាទ​ក្រហម​កម្ពុជា ដែល​មាន​សម្ដេចកិត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ចែក​ជូនដល់​ប្រជា​ពលរដ្ឋក្រីក្រ និង​ងាយ​រងគ្រោះចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។      

        មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង​ជាប្រធានគណៈកម្មាធិការសាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កណ្តាល បាននាំ​មកនូវ​ការ​ផ្តាំផ្ញើ​​សួរ​​សុខ​ទុក្ខ​ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហម​កម្ពុជា ជូន​ចំពោះ​គ្រួសាររងគ្រោះទាំងអស់ដោយក្តីនឹករឭក។

        ជាមួយគ្នានេះ​ឯកឧត្តម​បាន​បញ្ជាក់​ថា៖ កាក​បាទក្រហមកម្ពុជា​ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេច​តែង​តែ​យក​ចិត្តទុកដាក់យ៉ាងខ្លាំង ដល់​ប្រជា​ពល​រដ្ឋ ទោះបីស្ថិតនៅស្ថានភាព បែបណាក៏ដោយ គឺតែងបានផ្តល់ភាពកក់ក្តៅ ដល់បងប្អូន​ជានិច្ចក្នុង​គ្រា​លំបាក​នានា ពោលគឺ​ទីណា​មានការ​លំ​បាក ទីនោះមានកាកក្រហមកម្ពុជា ហើយ​ការជួយ​គឺ​ធ្វើ​ឡើងដោយ មិនប្រកាន់បក្សពួក និន្នា​ការ​​នយោបាយ និងសាសនាអ្វីឡើយ។

        ឯកឧត្តម បន្តថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ គឺ​គ្រួសារ​​ចាស់ជរាឥតទីពឹង ,គ្រួសារជនពិការ ,គ្រួសារកុមារកំព្រា ,គ្រួសារស្ត្រីមេម៉ាយកូនច្រើន ,គ្រួសារអ្នកជំងឺរ៉ាំរ៉ៃ និងគ្រួសារដែលទីទ័លក្របំផុតជាដើម។

        ឯកឧត្ដម បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់មិនត្រូវមានការធ្វេសប្រហែស​ជាមួយ​ជំងឺកូវីដ-១៩ឡើយ បើទោះបីជានៅប្រទេសកម្ពុជារបស់យើង មានស្ថានភាពល្អ​ប្រសើរ​ក៏​ដោយ​ក្ដី តែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែ អនុវត្ត​អោយ​បានជាប្រចាំនូវ ការសំអាតអនាម័យខ្លួនប្រាណ លាងសំអាងដៃជាមួយសាប៊ូ អាកុល ឬ​ជែល ចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និង​ក្រសួង​សុខា​ភិបាល។

        សូមបញ្ជាក់ថា៖​ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដែលបានទទួល​អំណោយ​ទាំង១០០​គ្រួសារ  ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកសុទ្ធ ១កេស ,ទឹកត្រី ១យួរ , ខ្ទឹមស ១កញ្ចប់ ,ទឹកអាល់កុល ១ដប ,ម៉ាស់ ១០បន្ទះ ទឹកដោះគោ២កំប៉ុង និងថវិកា ១៣ម៉ឺនរៀល។