ស្រុកចំនួន៣ ទទួលបានអគាររដ្ឋបាល អគារសាលប្រជុំ និងអាគាររដ្ឋបាលសាលាឃុំចំនួន១០ថែមទៀតក្នុងខេត្តកណ្តាល ពីក្រសួងមហាផ្ទៃ

ការទទួលបាននូវសមិទ្ធិផលថ្មី រួមមានអាគាររដ្ឋបាល និងសាលប្រជុំ របស់ស្រុកមុខកំពូល ខ្សាច់កណ្ដាល ស្រុកល្វាឯម និងអាគាររដ្ឋបាលឃុំចំនួន១០ ផ្សេងទៀត នាថ្ងៃនេះ គឺបានបង្ហាញ​ពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ ក្នុងការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់​មូលដ្ឋាន​ឲ្យមានអាគារធ្វើការសមរម្យ ឆ្លើយតបនឹងរចនាសម្ព័ន្ធថ្មីដែលទើបបានធ្វើសមារណកម្ម ដើម្បី​ធានាបានក្នុងការបំរើសេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈម​នានារបស់ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព។

            ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងបែបនេះ នៅក្នុងពិធីប្រគល់ទទួលអគាររដ្ឋបាលអាគារសាលប្រជុំនៃស្រុកចំនួន៣ និងអាគារដ្ឋបាលឃុំចំនួន ១០ ក្នុង​​​​​​ខេត្ត​​កណ្ដាល ដែលពិធីនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងក្រសួងមហាផ្ទៃ អភិបាលរងខេត្ត អាជ្ញាធរស្រុក និងមន្ត្រី​ពាក់ព័ន្ធជាច្រើនរូប។

           ឯកឧត្តមអភិបាលបានបញ្ជាក់ថា ពាក់ព័ន្ធនឹងការផ្ដល់សេវារដ្ឋបាលខេត្តកណ្ដាល បច្ចុប្បន្ននេះ​បាននឹងកំពុងខិតខំយ៉ាងខ្លាំងក្នុងការកែប្រែឥរិយាបថជាវិជ្ជមាន របស់មន្ត្រីពីអ្នកគ្រប់គ្រងឱ្យ​ទៅជាអ្នក​ផ្ដល់ និងបម្រើសេវានានា ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ប្រកាន់ខ្ជាប់​និងឥរិយាបថ​ទាំងបួនរបស់មន្ត្រីរាជការគឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវារដ្ឋបាល​សាធារណៈ ធ្វើយ៉ាងណារួមសាមគ្គីភាពគ្នាឲ្យសកម្មក្នុងការថែរក្សា​សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​កសាង​និងអភិវឌ្ឍន៍ខេត្តឲ្យមានការរីកចំរើនគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ។

            ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋាន​រដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការប្រគល់ទទួលអគារ នៅពេលនេះគឺបានបញ្ជាក់ថា ការដ្ឋានសាងសង់​របស់យើងបានបញ្ចប់ហើយ គឺរដ្ឋបាលស្រុក-ឃុំអាចចូល​បម្រើការងារ​ជាបណ្ដោះអាសន្ន ចំពោះការសម្ពោធដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនឹង​ប្រព្រឹត្តទៅនាពេលការដ្ឋានសាងសង់​ទាំងអស់នៃគម្រោងបានបញ្ចប់ជាស្ថាពរ ក្រោមអធិបតីភាពសម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។                                                                                       

              សូមជម្រាបថា អគាររដ្ឋបាលថ្មី ដែលបានប្រារព្វពិធីប្រគល់ ទទួល នាថ្ងៃនេះ គឺមានស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ដោយស្រុកនីមួយៗ​ទទួលបាន​អាគារដ្ឋបាល​មួយខ្នង និងអគារសាលប្រជុំមួយខ្នង និងអាគាររដ្ឋបាលឃុំចំនួន១០ ទៀតរួមមាន ស្រុកខ្សាច់កណ្ដាល ទទួលបាន១ឃុំគឺឃុំស្វាយរមៀត ស្រុកមុខកំពូលទទួលបាន១ឃុំ គឺឃុំព្រែកអញ្ចាញ​ស្រុកល្វាឯម​ទទួលបាន ៤ឃុំ គឺឃុំកោះរះ ឃុំកោះកែវ ឃុំបឹងគ្រំនិងឃុំសំបួរ ស្រុកកៀនស្វាយទទួលបាន១ឃុំ គឺឃុំភូមិធំ ស្រុកកោះធំទទួលបាន២ឃុំ គឺឃុំកោះធំ(ខ) និងឃុំព្រែកថ្មី ស្រុកលើកដែកទទួលបាន១ឃុំ គឺឃុំក្អមសំណរ។ គម្រោងសាងសង់អគាររដ្ឋបាលទាំងនេះ គឺជាគម្រោងដែលគាំទ្រដោយធនាគារ​អភិវឌ្ឍន៍អាស៊ី តាមរយៈក្រសួងមហាផ្ទៃ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃក្រសួងមហាផ្ទៃ ពិសេស ឯកឧត្តម អគ្គនាយក ប្រធានគម្រោង បានជួយសម្របសម្រួល និងគៀងគរធនធានពី ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការគាំទ្រគម្រោងសាងសង់អាគាររដ្ឋបាលឃុំ រដ្ឋបាលស្រុក សាលប្រជុំ ដល់ ឃុំ ស្រុក ក្នុងខេត្តកណ្តាល ជំហានទី១ ជំហានទី២ តាំងពីឆ្នាំ២០១៩ រហូតចបរួចរាល់់ជាស្ថាពរ ធ្វើឱ្យរដ្ឋបាលខេត្តកណ្តាលទទួលបានអគាររដ្ឋបាល ឃុំ ស្រុក និងសាលប្រជុំ តាមស្តង់ដារក្រសួង​មហាផ្ទៃ រហូតបាន​ប្រារព្វពិធីប្រគល់ ទទួល នាពេលនេះ។