គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ទទួលបានអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល

   លោក ទៀង សុគន្ធ បានចូលរួមសោក​ស្តាយចំពោះ​ឧបទ្ទវ​ហេតុ​ភ្លើង​ឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យមាន ការខូច​ខាតសម្ភារៈ​ប្រើ​ប្រាស់​ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។

    នាឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មា ធិការសា​ខាកាកបាទ​ក្រហម​កម្ពជាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជា​ប្រធានកាកបាទក្រហម កម្ពុជា ដែលជានិច្ចកាល សម្តេច តែង​តែ​យក​ចិត្ត​ទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅ ដោយមិនប្រ​កាន់និន្នា​ការ​នយោបាយអ្វីឡើយ។ជាក់ស្តែង ប្រជាពលរដ្ឋរងគ្រោះចំនួន២ គ្រួសារ​នាពេលនេះទទួលបានអំណោយមនុស្ស​ធម៌មួយ ចំនួនពីសា​ខាកាកបាទ​ក្រហមកម្ពុជាខេត្តដើម្បីជួយដោះស្រាយនូវការ​ខ្វះខាតបាន​មួយរយៈ​ពេល​ខ្លី។

 

          ជាមួយគ្នានោះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យ​មាន​ការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺ កូវីដ១៩ ដោយ ត្រូវរស់នៅឱ្យ​មាន​អនាម័យដោយត្រូវលាងដៃជាមួយសាប៊ូនិងទឹកស្អាតឬទឹកអាល់កុលជែលជាប្រចាំចៀស​វាងការ​ចាប់​ដៃគ្នា ត្រូវប្រើកាយវិការសំពះ ត្រូវពាក់​ម៉ាស់ក្នុងទីប្រជុំជន។អំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២គ្រួសារ រួមមាន ៖ សម្រាប់គ្រួសាររងគ្រោះឆេះផ្ទះទាំងស្រុង ទទួលបានអង្ករចំនួន​២បាវ តង់១ ត្រីខ១យួរ មី១កេស ទឹកសុទ្ធ ១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកអាល់កុល១ដប ម៉ាស់១០បន្ទះ អាវយឺតចំនួន៥ សំភារះ​ផ្ទះបាយ​មួយ​ឈុត និងថវិកាចំនួន​៧០ម៉ឺនរៀល​។និង​ថវិការ៤០​ម៉ឺនរៀលសម្រាប់​គ្រួសាររង​គ្រោះឆេះ​ដំបូល​ផ្ទះ។