កិច្ចប្រជុំដំបូងស្តីពីការប្រើប្រាស់ធនធានទឹកនៅតាមអាងស្ទឹង

ក្រសួង​ធនធានទឹក និង​ឧតុនិយម​ដែល​បាន​ឧបត្ថម្ភ និង​សហការ​ដោយ​ភ្នាក់ងារ​សហ​ប្រ​ត្តិ​ការ​អន្តរជាតិ​ជប៉ុន(JICA) បាន​បើក​កិច្ចប្រជុំ​ដំបូង​ស្តីពី​ការប្រើប្រាស់​ធនធានទឹក​នៅតាម​អាង​ស្ទឹង ដល់​មន្ទីរ​ពាក់ព័ន្ធ មន្ត្រី​ក្រុង​ស្រុក ឃុំ សង្កាត់ និង​តំណាង​សហគមន៍​កសិករ​អ្នក ប្រើប្រាស់​ទឹក។ នា​រសៀល​ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ នៅ​សាលាខេត្តកណ្តាល។

        ឯកឧត្តម ជឹម សុខុន អភិបាលរង​ខេត្តកណ្តាល និង​លោក ពេជ្រ វាសនា ប្រធាន​មជ្ឈមណ្ឌល​សេវា​បច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ​ឧតុនិយម​បានលើកឡើង​ពី​គោលបំណង​សំខាន់​នៃ​គំរោង​នេះ​គឺ​ដើម្បី​ពង្រឹង​សមភាព​ក្នុងការ​គ្រប់គ្រង​ធនធានទឹក បង្កើត​និង​រៀបចំ​យន្តការ​សំរបសំរួល​សំរាប់ ការប្រើប្រាស់​ធនធានទឹក​ក្នុង​អាង​ទ​ន្ទេ​រ ព្រមទាំង​ដើម្បី​ចែករំលែក នឹង​ផ្តល់ព័ត៌មាន​ពី​គំរោង​កិច្ច សហប្រតិបត្តិការ បច្ចេកទេស​ថ្មី។ ឯកឧត្តម បាន​បន្តទៀតថា នៅក្នុង​អាង​ស្ទឹង​ព្រែក​ត្នោត​មាន​បញ្ហា​ប្រឈម​ជាច្រើន​ចំពោះ​ធនធានទឹក ដូចជា​គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ដែល​តែងតែ​កើត​ឡើងជា​ញឹកញាប់ ក​ង្ខៈ​ខាត​ទឹក​សំរាប់​វិស័យ​កសិកម្ម និង​វិស័យផ្សេងៗទៀត ព្រមទាំង​បញ្ហា​គុណភាព​ទឹក​ផងដែរ។ ជាមួយគ្នានេះដែរ​យើង​ចាំបាច់​ត្រូវបង្កើត​យន្តការ​សំរបសំរួល ធនធានទឹក នៅក្នុង​ចំណោម​អ្នកប្រើប្រាស់​ទឹក​ទាំង​នៅក្នុង​ខេត្តកណ្តាល នឹង​នៅក្នុង​តំបន់​អាង​ស្ទឹង​ព្រែក​ត្នោត ដែល​ស្ថិតក្នុង ខេត្តកណ្តាល កំពង​ស្ពឺ និង​ខេត្តតាកែវ។

        ក្នុង​កិច្ចប្រជុំ​នាពេលនេះ លោក ម៉ាស្សា​ហ៊ី​កូ ហ៊ី​រ៉ា​វ៉ា ប្រធាន​ទីប្រឹក្សាបច្ចេកទេស​គំរោង បានធ្វើការ​ចែករំលែក​នូវ​ព័ត៌មាន ស្តីពី​ក្របខណ្ឌ​ការងារ​គំរោង ផែនការ​សកម្មភាព​គំរោង និង​ពេលវេលា​គំរោង​ដែល​ត្រូវអនុវត្ត និង​ត្រៀម​សហការ​រាល់​ការងារ​បន្តទៀត៕